សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា វិស័យកសិកម្មរបស់កម្ពុជានៅតែបន្តភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់នៅក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច

ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ — សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ជាការពិត វិស័យកសិកម្មរបស់កម្ពុជានៅតែបន្តភាពរឹងមាំ និងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេសធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិថរណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ដូចជា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បញ្ហាស្មុគស្មាញខាងផ្នែកភូមិសាស្ត្រនយោបាយ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

t_12.jpg

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយមួយចំនួន សំដៅជំរុញ សេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័សជាមួយនឹងកំណើន ៥,៦% នៅឆ្នាំ២០២៣ និងការរំពឹងទុកថា អាចសម្រេចបានកំណើនប្រមាណ ៦,៦% នៅឆ្នាំ២០២៤នេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ខណៈពេលដែលពិភពលោកប្រឈមនឹងការប្រែប្រួលអាកាសធាតុកាន់តែខ្លាំង ដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងការព្រួយបារម្ភអំពីសន្តិសុខស្បៀង ដែលញ៉ាំងឱ្យ ប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិតការនាំចេញស្បៀងអាហារក្តី ក៏វិស័យកសិកម្មកម្ពុជានៅតែសម្រេចបាននូវកំណើនល្អក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ក្នុងនោះជាក់ស្តែងអនុវិស័យដំណាំសម្រេចបាន ៣៦,៨១លានតោន កើនប្រមាណ ៦% ជាងឆ្នាំ២០២២ ដែលក្នុងនោះដំណាំស្រូវបាន ១២,៤៩ លានតោន អតិរេកចំនួន ៦,៩៩ លានតោន។ ជាងនេះទៅទៀតនោះ កម្ពុជាបាននាំចេញផលិតផលកសិកម្មបានជាង ៨,៨២ លានតោន ដែលមានតម្លៃសរុបប្រមាណ ៤,៨ ពាន់ លានដុល្លារអាម៉េរិក ទៅកាន់គោលដៅ ៧៨ប្រទេស ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៥៦ ពាន់តោន កើនឡើងជាង ៣% ជាងឆ្នាំ២០២៣។ សម្ដេចធិបតីបានបន្ដទៀតថា អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺប្រជាកសិករនៅទូទាំងប្រទេសសប្បាយរីករាយដោយសារ ប្រាក់ចំណេញកើនឡើងពីការលក់ស្រូវបានក្នុងតម្លៃខ្ពស់ក្នុងឆ្នាំនេះ។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានកត់សម្គាល់ឃើញថា ជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងការបង្ក្រាបបទល្មើសជលផលទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយសម្តេចបានអបអរសាទរចំពោះកំណើននៃការប្រមូលផលត្រីទឹកសាប និងការទទួលផលជាវិជ្ជមានលើកទី១ រវាងការកើត និងការស្លាប់របស់សត្វផ្សោតទន្លេមេគង្គនៅក្នុងឆ្នាំ២០២៣កន្លងទៅ ព្រមទាំងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ប្រជានេសាទក្នុងការលែងប្រភេទមច្ឆាកំពុងរងគ្រោះ និងកម្រទៅក្នុងធម្មជាតិ ហើយសម្តេចក៏សង្ឃឹមថា ស្មារតីបែបនេះនឹងបន្តអនុវត្តន៍នៅក្នុងស្រទាប់ប្រជាពលរដ្ឋរបស់យើង អង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមនៅក្នុងការថែរក្សាធនធានរបស់យើង៕