សង្វៀនបញ្ជល់មាន់ ដុះស្លែ របស់ឈ្មោះ ទ្រី បើកលេងស៊ីសងខុសច្បាប់ លក្ខណៈទ្រង់ទ្រាយធំនៅក្នុងស្រុកត្បូងឃ្មុំ សូមអជ្ញាធរជួយបង្ក្រាបផងទាន !!!

ខេត្តត្បូងឃ្មុំ÷ បន្ទាប់ពីកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំឆ្មក់បង្ក្រាបវង់ល្បែងសង្វៀនជល់មាន់-មានអាប៉ោងខុសច្បាប់កាល់ពីខែមុន ខណៈពេលនេះលោកទ្រី ដែលជាមេវង់ល្បែងល្បីឈ្មោះប្រចាំឃុំមង់រៀវ បានចាប់ផ្តើមបើកលេងបន្តទៀតហើយ ដោយគៀងគរក្រុមអ្នកញៀនល្បែងកាន់តែច្រើនជាងមុន។

សកម្មភាពគឃ្លើនបែបនេះទំនងម្ចាស់សង្វៀនជល់មាន់រូបនេះ កំពុងសាកល្បងសមត្ថភាពអនុវត្តន៍ច្បាប់របស់លោក ចិន នី ស្នងការខេត្តត្បូងឃ្មុំ ដែលទើបចូលកាន់តំណែងថ្មីឬយ៉ាងណា?

ប្រជាពលរដ្ឋបានរាយការណ៍មកថា ក្នុងភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ  ឃើញក្រុមអ្នកញៀនល្បែងបានប្រមូលផ្តុំគ្នាជួបជុំលេងល្បែង ជល់មាន់ និងអាប៉ោង ខុសច្បាប់ នៅក្នុងចំការស្វាយកែវរមៀតមួយកន្លែង យ៉ាងអនាធិបតេយ្យ។

ប្រជាពលរដ្ឋឲ្យដឹងថា ម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះ ឈ្មោះលោកទ្រី មានអំណាចខ្លាំងណាស់ ទើបអាចបើកល្បែងជល់មាន់និងអាប៉ោង ដោយមិនខ្លាចរអែងច្បាប់បន្តិចសោះឡើយ។ ជាក់ស្តែង ចាប់ពីថៃ្ងទី ១៩ ខែឧសភា ឆ្នាំ២០២៤មកនេះ ស្រាប់តែឃើញចាប់បើកដំណើរការភ្នាល់ល្បែងខុសច្បាប់ឡើងវិញ និងកាន់តែគគ្រឹកគគ្រេងជាងមុន ទៅទៀតដោយភ្នាល់ជល់មាន់ក្នុងមួយគូរៗរហូតដល់រាប់រយរាប់ពាន់ដុល្លារឯណោះ  ហើយក្នុងមួយថ្ងៃៗ មានភ្នាល់ជល់មាន់ចាប់ពី១០ទៅ២០គូរក៏មាន។

សកម្មភាពបើកឲ្យលេងល្បែងស៊ីសង ជល់មាន់ អាប៉ោង ខុសច្បាប់របស់លោកទ្រីឡើងវិញនេះ ត្រូវបានមហាជន និងពលរដ្ឋមួយចំនួនដាក់ការសង្ស័យថា ប្រហែលដោយសារតែមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ទំនងទទួលលាភសក្ការៈពីលោកទ្រីហើយមើលទៅបានជាលោកទ្រីបើកលេងបានរាល់ថ្ងៃនេះ។នេះសរបញ្ជាក់អោយឃើញថា មន្ត្រីជំនាញបម្រើសន្តិសុខសុវត្ថិភាព នៅមូលដ្ឋាន ហាក់ដូចជាមិនគោរពនូវគោលនយោបាយ ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ.។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំមង់រៀវលើកឡើងថា សង្វៀនជល់មាន់ លេងអាប៉ោងរបស់លោកទ្រី ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការកើនឡើងនៃអំពើ ហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងការបែកបាក់គ្រួសារនៅក្នងមូលដ្ឋានផងដែរ។

មហាជន និងពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់ឯកឧត្តម ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទ ចុះមកស្រាវជ្រាវបង្ក្រាបវង់ល្បែងខុសច្បាប់មួយនេះ កុំឲ្យកើតមានបន្តទៅទៀតនៅក្នងមូលដ្ឋានរស់នៅរបស់ពួកគាត់ផង ។

អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕

𒊹ទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈ ☏Tel: 010 266 266

សូមចុច Link ខាងក្រោមសម្រាប់ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍

https://t.me/+AVvRD6uCUb02ZWFl