កាសុីណូ យីហោ អិល ភី ភី ស្កាយបេីកដៃឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង បំពានបំរាមរាជរដ្ឋាភិបាល!!!
(បន្ទាយមានជ័យ) ៖ ទោះបីជាសម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ចេញបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីខុសច្បាប់គ្រប់ទំរង់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជាក្តី ក៏ម្ចាស់កាសុីណូមានយីហោ អិល ភីភី ស្កាយ ដែលមានទីតាំងនៅក្នុងនៅចំនុច ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។កំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងអាប៉ោង និងល្បែងផ្សេងទៀត យ៉ាងគគ្រឹកគគ្រេងដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានសោះឡើយ។
ជារៀងរាល់ថ្ងៃ គេសង្កេតឃើញពលរដ្ឋខ្មែរ នាំគ្នាចូលលេងយ៉ាងពពាក់ពពូន នៅក្នុងកាសុីណូនេះ រហូតអ្នកខ្លះចាញ់បោសគូទខោលក់អស់ដីធ្លីផ្ទះសម្បែង ឬរហូតរត់ចោលស្រុក ព្រោះខ្មាស់គេពេក។ បុរសម្នាក់ រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ព្រោះខ្មាសគេពេក បានលើកឡើងថា កន្លងមក លោកធ្លាប់លង់ចាញ់ល្បែងក្នុងកាសុីណូខាងលើ ហើយសម្រេចចិត្តលក់ដីធ្លីផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើមនៅក្នុងកាស៊ីនេះ ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។
អ្នកចាញ់ល្បែងរូបនេះ បាននិយាយទៀតថា មិនមែនត្រឹមតែរូបលោកម្នាក់ឯងទេ ដែលលង់ខ្លួនចាញ់ល្បែងក្នុងកាសុីណូ អិលភីភីស្កាយ គឺមានពលរដ្ឋជាច្រើននាក់ទៀត ខ្លះលក់អស់ទ្រព្យសម្បត្តិ អស់ពីខ្លួន ព្រាត់ប្រាស់ក្រុមគ្រួសារ និងរត់ចោលស្រុកទៅធ្វេីការនៅប្រទេសគេ ដោយសារចាញ់ល្បែងច្រើនពេក នៅក្នុងកាស៊ីណូខាងលើនេះ។
អ្នកបានដឹងសាច់រឿងច្បាស់ អំពីកាស៊ីណូ បានរៀបរាប់ថា ចាប់តាំងពីកាសុីណូខាងលើបើកដំណើរការ គេសង្កេតឃើញជនជាតិខ្មែរចូលលេងជារៀងរាល់ថ្ងៃ ខុសពីសេចក្តីជូនដំណឹង (ស.ជ.ណ) របស់ទីស្តីការគណ:រដ្ឋមន្រ្តី។ ស.ជ.ណ របស់គណៈរដ្ឋមន្ត្រីបានកំណត់ថា ក្នុងវង់ល្បែងកាសុីណូនីមួយៗ គឺបេីកទទួលភ្ញៀវឲ្យចូលលេងតែជនបរទេសតែប៉ុណ្ណោះ ហេីយដាក់កំហិតមិនឲ្យខ្មែរចូលលេងជាដាច់ខាត។
ពលរដ្ឋនិងមហាជនក្នុងក្រុងប៉ោយប៉ែត រិះគន់ថា ការដែលកាសុីណូយីហោ អិល ភីភី ស្កាយ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ដាក់ប្រាក់ មានទាំងប្រាក់បាត និងប្រាក់រៀល យ៉ាងពពាក់ពពូនដោយខុសច្បាប់បែបនេះ ទំនងមានការបិទភ្នែក បិទត្រចៀក ពីសំណាក់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចែកប្រយោជន៍គ្នាក៍ថាបាន ទើបអាជ្ញាធរពាក់ព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ។
ប្រភពខាងលើឲ្យដឹងថា ថៅកែ កាសុីណូយីហោ អិល ភីភី ស្កាយអួតក្អេងក្អាងថា វង់ល្បែងរបស់ខ្លួនខាងលើ មានសុវត្ថិភាពខ្លាំងណាស់ គ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបឡើយ បើទោះបីជារាជរដ្ឋាភិបាល កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងខុសច្បាប់ និងមានច្បាប់នៅទូទាំងប្រទេសក៏ដោយ ព្រោះមានមន្រ្តីដ៏មានអំណាច ជាអ្នកចាំកាងចាំការពារ ដែលសូម្បីតែលោក សិទ្ធិ ឡោះស្នងការខេត្តបន្ទាយមានជ័យ ក៏មិនហ៊ានចេញមុខបង្រ្កាបដែរ និយាយអ្វីឋានៈត្រឹមលោកអធិការមូលដ្ឋានក្រុងប៉ោយប៉ែតនោះ?
ចំពោះករណីវង់ល្បែងបំពានបំរាមរបស់រាជរដ្ឋាភិបាលខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបកស្រាយពីតំណាងកាសុីណូបានឡើយ។
ទោះយ៉ាងណាក៏ដោយពលរដ្ឋនិងមហាជនស្នើឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ គួរតែចាត់គណៈបញ្ជារការឯកភាពខេត្តចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងសុីខាងលើផង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជារដល់អាជ្ញាធរ ទូរទាំងប្រទេស អោយបិតល្បែងសុីសង៕