
ផ្លូវជាតិលេខ១០ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧ ខែសីហា ខាងមុខនេះ
(បាត់ដំបង)ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ចុះត្រួតពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងភូមិសាស្រ្តស្រុកសំឡូត នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរចុះត្រួតពិនិត្យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង ក៏បានបើកកិច្ចប្រជុំពិភាក្សាពីផែនការបែងចែកភារកិច្ចលម្អិតដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងការទទួលខុសត្រូវ ក្នុងដំណើរការប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ពីសំណាក់គណៈកម្មាធិការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងផ្នែកពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការប្រព្រឹត្តទៅដោយរលូន និងធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល។
សូមជម្រាបថា ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៧,៣៦គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។
ផ្លូវមួយខ្សែនេះនឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចជាច្រើនសន្ធឹកតាមរយៈការកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើមក្នុងការដឹកជញ្ជូន និងសេវាភស្តុភារកម្ម ពិសេសក្នុងការដឹកជញ្ជូនកសិផល និងផលិតផលផ្សេងទៀតពីបណ្តាខេត្តជុំវិញទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិនានា ព្រមទាំងទៅកាន់កំពង់ផែទំនិញ កំពង់ផែទឹកជ្រៅនិងមជ្ឈមណ្ឌលភស្តុភារកម្មដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញដែលនាំឱ្យមានការកកស្ទះចរាចរណ៍។
ផ្លូវជាតិលេខ១០ផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ និងជាផ្នែកមួយទាក់ទាញអ្នកទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្តអាចគយគន់ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាត ជាពិសេសស្ពានខ្ពស់ជាងគេនៅកម្ពុជានៃគម្រោងខ្សែផ្លូវជាតិលេខ១០ គឺជាស្ពានលេខ២៨ ស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលស្ថិតក្នុងភូមិសាស្រ្តមានទេសភាពធម្មជាតិអំណោយផលដ៏ស្រស់ត្រកាល ហើយត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំឱ្យមាននូវទីលានសម្រាប់សំចតថតរូបអនុស្សាវរីយ៍ នៅចំណុចកណ្តាលស្ពាន ដែលមានទទឹងសរុប១៥ម៉ែត្រ។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំទីធ្លាសម្រាប់ចតយានយន្តនៅទាំងសងខាងក្បាលស្ពាន ដែលម្ខាងៗអាចចតរថយន្តប្រភេទទេសចរណ៍-គ្រួសារបានប្រមាណពី ៦០-៧០ គ្រឿង៕