ខេត្តបន្ទាយមានជ័យ រៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៣

បន្ទាយមានជ័យ៖ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៣ ក្រោមប្រធានបទអ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀនពង្រឹងការងារអប់រំបង្ការនិងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ប្រារព្ធធ្វើនៅបរិវេណសាកលវិទ្យាល័យជាតិមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា៖ កិច្ចខិតខំរបស់គ្រប់សមាសភាពទាំងអស់ នៃខេត្តបន្ទាយមានជ័យ ចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសំណូមពរសូមបន្តចូលរួមការពារទប់ស្កាត់បញ្ហាគ្រឿងញៀន ឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តម បានបញ្ជាក់ថា៖ សម្រាប់ចំនួនវត្ថុតាងគ្រឿងញៀនសរុប ទាំង៣ខេត្ត រួមមាន៖ ម្សៅក្រាមសថ្លា (ICE) = ៣០៨៧.២៣ក្រាម,ថ្នាំគ្រាប់ (WY) = ៣១៦.06ក្រាម នឹង១២០៧គ្រាប់,ថ្នាំញៀនប្រភេទចំរុះ (ថ្នាំគ្រវី) = ៣៣៧.៨ក្រាម, កញ្ឆាក្រៀម = .៨៦ក្រាម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលបានប្រារព្វទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងបរិបទរបស់ពិភពលោក ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនៅប្រធានបទថ្នាក់ជាតិ ក្នុងឆ្នាំ២០២៣នេះ គឺ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ» ឲ្យមានសុខដុមនីយកម្មក្នុងសហគមន៍ លើការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងសហគមន៍មូលដ្ឋាន ជួយគ្នាទៅវិញទៅមក លុបបំបាត់ការរើសអើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន រួមគ្នាបង្រ្កាបបទល្មើសគ្រឿងញៀននិងលុបបំបាត់ភាពអសកម្មនានានៅក្នុងមូលដ្ឋាន បន្តពង្រឹងប្រសិទ្ធភាពមណ្ឌលព្យាបាលស្តារនីតិសម្បទា ពង្រឹងប្រសិទ្ធភាពការិយាល័យ BLO បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផែនយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយុទ្ធសាស្រ្តពហុវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសនេះ ឯឯកឧត្តម នាក់ យុទ្ធា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រី កងកម្លាំងប្រដាប់អាវុធគ្រប់ខេត្ត/ក្រុង រួមទាំងសមត្ថកិច្ចតុលាការ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពប្រព្រឹត្ត ជួញដូរ និងផលិតកើតមាននាពេលកន្លងមក និងស្នើសុំដល់គ្រប់សមាសភាពទាំងអស់ត្រូវជួយបង្កើនការងារផ្សព្វផ្សាយអប់រំ ផ្តល់ការយល់ដឹងពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋយុវជន ឱ្យចៀសចាកឆ្ងាយពីគ្រឿងញៀន ដែលបង្កអសន្តិសុខព្រមទាំងបំផ្លាញយ៉ាងធន់ធ្ងរដល់សង្គមជាតិ ចូលរួមឱ្យមានប្រសិទ្ធភាពនូវទិសស្លោកប្រឆាំងគ្រឿងញៀន បីកុំ៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង មួយរាយការណ៍ត្រូវរាយការណ៍ដល់សមត្ថកិច្ចគ្រប់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន៕