លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជំរុញដល់កម្លាំងនគរបាលស្រុកបាភ្នំ បន្តខិតខំបង្ក្រាបរាល់បទល្មើសនានា និងបោសសម្អាតក្មេងទំនើង រួមទាំងក្មេងៗគេចសាលារៀន

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញចុះបើកវេទិការសាធារណៈ នៅវត្តឃ្លាំង ស្ថិតក្នុងភូមិត្នោត ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីជួបសំណេះសំណាល និងដាក់ទិសដៅអនុវត្តបន្តដល់មន្ត្រីនគរបាលស្រុកបាភ្នំ រួមនិងសាកសួរសុខទុក្ខ ក៏ដូចជាសួរនាំប្រជាពលរដ្ឋអំពីសន្តិសុខ សណ្ដាប់ធ្នាប់ និងការបម្រើសាធារណៈរបស់មន្ត្រីនគរបាលមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរង នៃគណៈអភិបាលស្រុកបាភ្នំ លោកស្នងការរង មន្ត្រីនគរបាលនៃការិយាល័យ ចំណុះស្នងការដ្ឋានគរបាលខេត្តព្រៃវែង លោកអធិការ មន្ត្រីនគរបាល ចំណុះអធិការដ្ឋាននគរបាលស្រុកបាភ្នំ និងកម្លាំងប្រជាការពារស្រុកបាភ្នំ រួមនិងប្រជាពលរដ្ឋរស់នៅឃុំឈើកាច់ ស្រុកបាភ្នំ សរុប ៣៦៥នាក់ ស្រី២៩នាក់

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានជំរុញដល់កម្លាំងនគរបាលស្រុកបាភ្នំ ត្រូវបន្តខិតខំក្នុងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ បង្ការ និងបង្ក្រាបបទល្មើសនានា ពិសេសគ្រឿងញៀន លួច ឆក់ ប្លន់ និងបន្តយុទ្ធនាការបោសសម្អាតក្មេងទំនើង ដែលតែងបង្កអសន្តិសុខ និងភាពភ័យខ្លាចដល់ប្រជាពលរដ្ឋនិងក្មេងៗគេចសាលារៀន ដែលប្រមូលផ្ដុំជួបជុំ ពពាក់ពពូនគ្នា នៅតាមទីតាំងផ្សេងៗ ដោយគេចវេសមិនចូលរៀនសូត្រ

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានជំរុញដល់មន្ត្រីនគរបាលរដ្ឋបាល ត្រូវពង្រឹង និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ធ្វើការងារប្រកបដោយក្រមសីលធម៌ ប្រើឆន្ទៈ និងបេះដូង ដើម្បីកិច្ចការងារទទួលបានប្រសិទ្ធភាពខ្ពស់