ការសាងសង់ឃ្លាំងរំលោភយកដីចំណីផ្លូវសាធារណះ កំពុងរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជននៅក្នុងខេត្តបាត់ដំបង

បាត់ដំបង: ថ្ងៃទី 7 ខែកុម្ភ ឆ្នាំ ២០២៤ ទីតាំងសាងសង់ឃ្លាំង រំលោភយកចំណីថ្នល់សាធារណៈ ០១កន្លែងស្ថិតនៅភូមិ កកោះ ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ត្រូវបានមេការអោយដឹងថាមាន ម្ចាស់ឈ្មោះ លោក សារ៉ាន បានហ្នឹងកំពុងសាងសងរំលោភលើបង្គោលភ្លើង និងចំណីថ្នល់សាធារណះរបស់រដ្ឋ។

ចំពោះព័ត៌មានពីការសាងសង់ឃ្លាំងមួយនេះ អង្គភាពយើង មិនអាចសុំការណ៍បំភ្លឺជាក់លាក់ណាមួយ ពីម្ចាស់ឃ្លាំងបានទេ ថាការសាងសង់រំលោភយកផ្លូវសាធារណះនេះមានច្បាប់អនុញ្ញាតពីអជ្ញាធរ រឺអត់។ គាត់គ្រាន់តែប្រាប់តាមមេការមកថា គាត់មានបងប្អូន ជាភ្នាក់ងារ សារព័ត៌មានក្នុងខេត្តមួយរូប  មួយសន្ទះក្រោយមកទៀតគាត់ថា មានបងប្អូននៅក្រសួងព័ត៌មាន បន្ទាប់មកទៀតគាត់ថា ចាំអោយបងប្អូនដែរជាអ្នកសារព័ត៌មាននៅភ្នំពេញខលមកប្រាប់ ថាមានច្បាប់អនុញ្ញាតពីខាង។

ចំណែកលោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល បានប្រាប់អង្គភាព សារព័ត៌មានតាមរយះលេខទូរស័ព្ទ 012 89 95 98 នៅវេលាម៉ោង 10:52នាទីអោយដឹងថា លោកបានណែនាំគេអោយសុំច្បាប់ទៅមន្ទីរសុរិយោដីរួចហើយ ព្រោះវាហួសពីដែនសមត្ថកិច្ចស្រុក លោកបញ្ជាក់ទៀតថាលោកបានអោយខាងសុរិយោដីចុះហាមដែរ តែម្ចាស់ឃ្លាំងថាហ្នឹងរត់ច្បាប់ទៅមន្ទីរសុរិយោដីខេត្តដោយខ្លួនឯង។

នៅវេលាម៉ោង11:08នាទី យើងបានទំនាក់ទំនងទៅ លោក សួន សុភាប្រធានមន្ទីរសុរិយោដី ខេត្តបាត់ដំបង តាមរយះលេខទូរស័ព្ទ092 791 926 បានប្រាប់មកកាន់អង្គភាពយើងថា លោកមិនទាន់ច្បាស់ចំពោះទីតាំងឃ្លាំងនៅចំណុចខាងលើនៅឡើយទេ តែលោកហ្នឹងអោយខាងជំនាញភូមិបាលចុះទៅត្រួតពិនិត្យ។

ពលរដ្ឋ និងមហាជនសូមស្នើរទៅដល់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងអជ្ញាធរពាក់ព័ន្ធមេត្តាជួយត្រួតពិនិត្យ ការសាងសង់ឃ្លាំងរំលោភយកដីចំណីផ្លូវសាធារណះ នៅភូមិ កកោះ ឃុំ អូរតាគី ស្រុក ថ្មគោលនេះផងទាន។ ព្រោះនេះជាគំរូអាក្រក់ ដែលនាំអោយពលរដ្ឋយល់ច្រលំដល់ការអនុវត្តន៍ច្បាប់របស់អជ្ញាធរ។