ល្បែងមាន់ជល់ទូរទស្សន៍ក្នុង ស្រុកបាទីនៅតែបើកដំណើរការធម្មតា មហាជនស្នើរដល់លោក ភួន ឈីមអភិបាលស្រុកបាទី ជួយមានវិធានការផងទាន !!!

តាកែវ៖ ថ្ងៃ ព្រហស្បត៍ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២៤ យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅក្នុងស្រុកបាទី ខេត្ត តាកែវ បានឲ្យដឹងថា បច្ចុប្បន្ននេះល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ នៅតាមទីតាំងហាងកាហ្វេ តារាងប៉ូល ជាច្រើនកន្លែងកំពុងតែបើកលេងយ៉ាងសកម្មមានដូចជា៖

  1. ទីតាំងទី០១ ស្ថិតនៅក្នុងហាងកាហ្វេភូមិ ពូនភ្នំ ឃុំ ត្រពាំង សាប ស្រុកបាទី
  2. ទីតាំងទី០២ ស្ថិតនៅក្នុងហាងកាហ្វេភូមិ ត្រពាំងក្រឡាញ ឃុំ លំពង់ ស្រុកបាទី
  3. ទីតាំងទី០៣ ស្ថិតនៅក្នុងតារាងប៉ូលភូមិ ព្រៃស្លែង ឃុំ កុម៉ារាជា ស្រុក បាទី។                                                 ខណះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋានហាក់បីដូចជា នាំគ្នារក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ បណ្តែតបណ្តោយអោយល្បែង កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនមានការទប់ស្កាត់និងបង្ក្រាប ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននែនាំអោយអាជ្ញាធរនិងសមត្ថកិច្ច គ្រប់រាជធានីខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន អោយខាងតែបាន។ជាក់ស្តែង ភាពព្រងើយកន្តើយ ធ្វើមិនដឹងមិនឮ ឬបិទភ្នែកបិទត្រចៀក របស់អាជ្ញាធរនិងសមត្ថកិច្ច   នៅក្នុងស្រុកបាទី  កំពុងតែធ្វើអោយប្រជាលរដ្ឋ នៅក្នុងមូលដ្ឋាន មានមន្ទិលសង្ស័យថា អស់លោកទំនងជាទទួលបានលាភសក្ការៈ ពីម្ចាស់ទីតាំងជល់មាន់ តាមអនឡាញ ខាងលើនេះហើយមើលទៅ ទើបបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើបានបន្តអោយដឹងទៀតថា  ជាទូរទៅគេតែងតែសង្កេតឃើញ ក្រុមអ្នកញៀនល្បែង បាននាំគ្នាពពាក់ពពូន ចូលទៅលេងល្បែងស៊ីសងមាន់ជល់អនឡាញ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដោយពួកគេដូចជាគ្មានញញើត និងបញ្ហាទោសទណ្ឌបន្តិចណាទាល់តែសោះ។

ប្រជាពលរដ្ឋបានសម្ដែងនូវចម្ងល់យ៉ាងខ្លាំងថា នៅបច្ចុប្បន្ននេះល្បែង ស៊ីសងមាន់ជល់អនឡាញ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេសត្រូវបានបិទអស់ហើយ  តែទីតាំងមាន់ជល់អនឡាញខាងលើនេះ ហេតុអ្វីបានជាអាចបើកដំណើរការបានដោយរលូន  ។

ព្រោះតែដំណើរការ នៃការលេងល្បែងជល់មាន់អនឡាញខាងលើនេះ ប្រព្រឹត្តទៅយ៉ាងរលូននោះហើយ ទើបប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ ចេះតែមានមន្ទិលសង្ស័យថា ប្រហែលជាអាជ្ញាធរនិងសមត្ថកិច្ច អាចត្រូវរូវគ្នាជាមួយម្ចាស់ទីតាំងទេដឹងបានជាដំណើរការល្អយ៉ាងនេះ? ។

ប្រជាពលរដ្ឋខ្លះនិយាយថា ម្ចាស់ទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ ទំនងមានបារមីខ្លាំងហើយមើលទៅ ទើបអាជ្ញាធរនិងសមត្ថកិច្ចខាងលើ រក្សាភាពស្ងៀមស្ងាត់យ៉ាងត្រជាក់ល្ហឹម។

ពាក់ព័ន្ធនិងករណីទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ មហាជនបានសំណូមពរដល់ លោក ធួន ឈីម អភិបាលស្រុក បាទី សូមមេត្តាជួយមានវិធានការចាត់មន្ត្រីជំនាញ អោយចុះពិនិត្យស្រាវជ្រាវទីតាំងមាន់ជល់អនឡាញខាងលើនេះផងទាន ដើម្បីយកមកអនុវត្តច្បាប់ ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារ…៕

អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕

Tell: 010266266