ឯកឧត្តម ប៉ា សុជាតិវង្ស និងឯកឧត្តម ស ថេត ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅខណ្ឌមានជ័យ

(ភ្នំពេញ) ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ និងឯកឧត្តម ថេត អនុប្រធានក្រុមការងារចុះជួយខណ្ឌ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន១ បានអញ្ជើញបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ។

ការឃោសនារកសំឡេងនៅលើទឹកដីខណ្ឌមានជ័យនាព្រឹកថ្ងៃនេះ ក្បួនឃោសនាមានទាំងរថយន្ត ម៉ូតូ រំលេចដោយទង់ជាតិ និងទង់បក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាច់ផ្កាជានិមិត្តរូប។ សមាជិក សមាជិកាបានចូលរួមស្រែកនូវជយឃោសនានាបង្ហាញនូវគោលនយោបាយ ការប្តេជ្ញាចិត្ត និងសមិទ្ធផលទាំងឡាយកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។

ពីលើវេទិកាបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជាមួយនឹងស្នាមញញឹមពោរពេញដោយក្តីសង្ឃឹម ឯកឧត្តម ប៉ា សុជាតិវង្សបានលើកបង្ហាញនូវគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើននិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ដោយឡែកឯកឧត្តម ថេត បានរំលឹកពីការដាក់ចេញគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឈានទៅបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅតំបន់នេះ ហើយរកបានមកនូវសុខសន្តិភាពពេញលេញ ជាធាតុដ៏សំខាន់សម្រាប់កសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២២។