សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា

នាព្រឹកថ្ងៃចន្ទទី១៤ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន ៥៦៩នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡា, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ព្រមជាមួយថ្នាក់ដឹកនាំបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ ដោយពិធីនេះប្រារព្ធធ្វើឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើសេចក្តីរាយការណ៍ជម្រាបជូនសម្តេច និងអង្គពិធីថា និស្សិតជ័យលាភីទាំងនេះ គឺជាធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិ ប្រកបដោយសក្តានុពល និងមានលក្ខណសម្បត្តិសមស្រប ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវក្នុងការងារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ សុវត្ថិភាពសង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។ លើសពីនេះទៀត ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ ក៏បានលើកឡើងអំពីអត្ថប្រយោជន៍ និងតម្លៃនៃការងារបណ្ដុះបណ្ដាល គុណភាពអប់រំ ប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំង៦ ដែលបានបំពេញបានតាមតម្រូវការ នៃការងារបណ្ដុះបណ្ដាលស្របតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់របស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដែលបានគាំទ្រឧបត្ថម្ភ និងផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍបណ្ឌិត្យសភាលើគ្រប់ផ្នែកដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ឱ្យបានល្អប្រសើរ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ខេង បានលើកឡើងថា និស្សិតជ័យលាភីទាំងនេះ គឺជាធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិមានលក្ខណសម្បត្តិសមស្រប និងប្រកបដោយសក្ដានុពល ដើម្បីបន្តវេនក្នុងការងារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមការវិវឌ្ឍន៍របស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ ការវិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន និងអនាគត។ សម្តេចក្រឡាហោម បានបន្ថែមថា នេះជាសក្ខីភាពបង្ហាញអំពីសមិទ្ធផលនៃការងារកំណែទម្រង់នគរបាលជាតិ និងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម បានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យបន្តការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ និងបន្តការងារអភិវឌ្ឍន៍ស្របតាមស្តង់ដារគុណភាព និងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។ សម្ដេចក្រឡាហោម ខេង ក៏បានផ្ដាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹង និងជំនាញវិជ្ជាជីវៈដែលទទួលបានពីការបណ្ដុះបណ្ដាលទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់។ សម្ដេចក្រឡាហោម ក៏បានកោតសរសើរចំពោះបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងច្រើន នាពេលកន្លងមក ហើយបានចាត់ទុកថា ការងារនេះបង្ហាញជាលទ្ធផលថាយើងកាន់តែមានសមត្ថភាពកាន់តែមានលទ្ធភាព និងម្ចាស់ការ ក្នុងការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលរបស់យើង

គួរបញ្ជាក់ថា ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភីនាពេលនេះ គឺជាសក្ខីភាពបង្ហាញអំពីលទ្ធផលជោគជ័យថ្មីៗបន្ថែមទៀត របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នា ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីទ្រទ្រង់ និងបំពេញតម្រូវការ នៃការងារបណ្តុះបណ្តាលព្រមទាំងធ្វើទំនើបកម្ម និងអន្តរជាតិនីយកម្ម នៃកម្មវិធីអប់រំគ្រប់កម្រិត ក្នុងគោលដៅបណ្តុះបណ្តាលតម្រង់ទិសទៅរកនគរបាលអាជីពដែលមានសមត្ថភាពជំនាញច្បាស់លាស់ គោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ គោរពសិទ្ធិមនុស្ស និងជំនាញយុទ្ធវិធីនគរបាលស្របតាមកម្មវិធីកំណែទម្រង់នគរបាលជាតិ និងផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ព្រមទាំងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលកម្ពុជា៕