ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលរថយន្តផ្សាយចល័តសម្រាប់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលរថយន្តផ្សាយចល័តសម្រាប់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពី ឯកឧត្តម VU HAI QUANG អគ្គនាយករងវិទ្យុសំឡេងវៀតណាម និងជាប្រធានគណៈកម្មការ គម្រោងជំនួយសម្រាប់កម្ពុជា ថ្នាក់ដឹកនាំវិទ្យុសំឡេងវៀតណាម។
ជំនួបពិភាក្សាការងារ និងពិធីប្រគល់–ទទួលរថយន្តផ្សាយចល័តសម្រាប់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា ដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈវិទ្យុសំឡេងវៀតណាម VOV បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម VU HAI QUANG អគ្គនាយករងវិទ្យុសំឡេងវៀតណាម និងជាប្រធានគណៈកម្មការ គម្រោងជំនួយសម្រាប់កម្ពុជា ថ្នាក់ដឹកនាំវិទ្យុសំឡេងវៀតណាម ។
ក្រោមចំណងកិច្ចសហប្រតិបត្តិការ រយៈពេលជាងមួយទសវត្សរ៍កន្លងមកហើយ ដែលក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាតែងបានទទួលបានការជួយឧបត្ថម្ភ ជាម៉ាស៊ីនផ្សាយវិទ្យុ ទូរទស្សន៍ និងសម្ភារៈផលិតកម្មវិធី ជាបន្តបន្ទាប់ពីរដ្ឋាភិបាលវៀតណាមតាមរយៈវិទ្យុសំឡេងវៀតណាម(VOV) ។
ក្នុងឱកាសថ្ងៃនេះដែរ ក្រសួងព័ត៌មាន ក៏បន្តទទួលបាននូវជំនួយឧបត្ថម្ភដ៏មានតម្លៃបន្ថែមទៀត ពីរដ្ឋាភិបាលវៀតណាម តាមរយៈវិទ្យុសំឡេងវៀតណាម(VOV) នូវរថយន្តផ្សាយចល័តចំនួនពីរគ្រឿង មួយគ្រឿងសម្រាប់ទូរទស្សន៍ ជាតិកម្ពុជា និងមួយគ្រឿងទៀតសម្រាប់វិទ្យុជាតិកម្ពុជា ជាប្រភេទរថយន្តបំពាក់មកជាមួយប្រព័ន្ធផ្កាយរណប ។
នេះគឺជាសមិទ្ធិផលប្រកបដោយអត្ថន័យជាផ្លែផ្កាក្រោមកិច្ចសហប្រតិបត្តិការរវាងភាគីយើងទាំងពីរ ហើយវេលានេះយើងបានរួមគ្នារៀបចំនូវកម្មវិធីជំនួប ពិភាក្សា និងកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរថយន្តផ្សាយចល័តសម្រាប់វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំវិទ្យុសំឡេងវៀតណាមដែលបានជួយជ្រោមជ្រែងដល់គម្រោងជំនួយ ដល់ក្រសួងព័ត៌មានកម្ពុជាក្នុងរយៈកាលកន្លងមក ៕