ក្រុមគ្រួសារសពអតីតនាយករងបឋមសិក្សាសិត្បូ៍ប្តឹងសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌…
កណ្តាល÷ក្រោយពីចៅក្រមសាលាដំបូងខេត្តកណ្តាល និងសាលាឧទ្ធណ្ឌ៍ភ្នំពេញ បង្វែរបទចោទពី ឃាតកម្មគិតទុកជាមុនកាត់ទោសជនជាប់ចោទ ត្រឹមអំពើ មនុស្សឃាតដោយអចេតនា ភរិយានិងកូនៗ កើតទុក្ខមិនសុខចិត្ត ដាក់ពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ អ្នកស្រី ប៉ូ សំណាង ភរិយាជនរងគ្រោះ ហ៊ួត ឈុនហ័ និងកូនៗ បច្ចុប្បន្នរស់នៅភូមិស្វាយពុំត្រង់សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ បានលើកឡើងទាំងអួលដើមករថា ស្វាមីនិងឪពុករបស់គាត់ ជាអតីតនាយកសាលាសិក្សាបឋមសិក្សាសិត្បូ៍ បានស្លាប់យ៉ាងអយុត្តិធម៌ ដោយសារជនជាប់ចោទឈ្មោះ ឡេង ម៉េងឡាយ ភេទប្រុស អាយុ២៣ឆ្នាំ រាយខ្សែលួសឆក់នៅពេលចុះទៅលើកលបនៅអូរខាងក្រោយផ្ទះ កាលពីយប់ថ្ងៃទី៣០ មិនា ២០២២កន្លងទៅ។
បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ពិតជាបានរាយខ្សែលួសឆក់ជនរងគ្រោះប្រាកដមែន ហើយតំណាងអយ្យការអមសាលាដំបូង និងចៅក្រមស៊ើបអង្កេត ខេត្តកណ្តាល ក៏បានធ្វើការចោទប្រកាន់ ជនជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន ដែរ។
ប៉ុន្តែ នៅពេលបញ្ជូនដល់ចៅក្រមជំនុំជម្រះ បែរជាកែ បទចោទ ទៅជាអំពើ មនុស្សឃាតដោយអចេតនា និងកាត់ទោសជនជាប់ចោទ ដាក់ពន្ធនាគារត្រឹម១ឆ្នាំ៣ខែ និងបង្គាប់ឱ្យសងសំណងចំនួន៨០លានរៀល ប៉ុណ្ណោះ។
ដោយកើតទុក្ខមិនសុខចិត្ត ក៏ប្តឹងសារទុកទៅសាលាឧទ្ធណ្ឌ៍ ក៏ត្រូវចៅក្រមរក្សាបទចោទ អំពើមនុស្សឃាតដោយអចេតនា ដដែលគ្រាន់តែបន្ថែមទោសដាក់ពន្ធនាគារ២ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តចំនួន៨០លានរៀលដដែល។
ក្រុមគ្រួសារបានបញ្ជាក់ថា ដោយសារតែជួបនូវរឿងអយុត្តិធម៌ មួយលើក ជាពីរលើក ទើបសម្រេចចិត្តដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ ទៅក្រសួងយុត្តិធម៌ ដើម្បីស្នើឯកឧត្តមរដ្ឋមន្ត្រី មេត្តាជួយពិនិត្យ និងស៊ើបអង្កេត ដើម្បីផ្តល់នូវភាពយុត្តិធម៌ ដល់គ្រួសារពួកគាត់ផង។
លោក លី ឆេង ដែលជាមេធាវីការពារក្តី ជនរងគ្រោះ បានមានប្រសាសន៍ថា ការរាយខ្សែភ្លើងទោះសម្រាប់ឆក់សត្វក៏ដោយក៏ជារឿងចេតនា ដែរ ព្រោះអ្នកប្រព្រឹត្តិនោះមានគោលបំណងសម្លាប់រួចទៅហើយ លុះដល់ចៅក្រមសម្រេចយ៉ាងដូច្នេះ មិនដឹងគិតដូម្តេចដែរ! ព្រោះជាឆន្ទានុសិទ្ធិរបស់ចៅក្រម ហើយទាំងរបាយការណ៍របស់សមត្ថកិច្ច និងតំណាងអយ្យការ និងនៅក្នុងដិកាសន្និដ្ឋានរបស់ចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្តកណ្តាល បានចោទពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០។
ប៉ុន្តែ នៅពេលសំណុំរឿងទៅដល់ចៅក្រមស៊ើបសួរ ក៏ត្រូវបានកែទៅជាបទល្មើស មនុស្សឃាតដោយអចេតនា វិញ ហើយដើមចោទ មានសិទ្ធិប្តឹងជំទាស់ទៅតុលាការកំពូល បន្តទៀត ប្រសិនបើយល់ថា មិនទាន់ទទួលបានយុត្តិធម៌៕