អគ្គស្នងការនគរបាលជាតិ ជំរុញឱ្យមន្ត្រីនគរបាលជំនាញដែលបញ្ចប់វគ្គបណ្តុះបណ្តាលខិតខំធ្វើយ៉ាងណាឱ្យបទល្មើសមានការថយចុះ

រាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញ ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ E-Crime ដល់ស្នងការដ្ឋាននគរបាលរាជធានីខេត្ត នៅព្រឹកថ្ងៃទី១៧ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ មានប្រសាសន៍ទៅកាន់សិក្ខាមទាំងអស់ត្រូវសហការគ្នា ខិតខំធ្វើយ៉ាងណាឱ្យបទល្មើសមានការថយចុះ ដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងនិងតាមដានទិន្នន័យ ក្នុងការបម្រើឱ្យការវិភាគឧក្រិដ្ឋវិទ្យា និងកសាងវិធានការទប់ស្កាត់បទល្មើស។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា ជាទូទៅឯកទេសជំនាញរបស់នគរបាលយុត្តិធម៌ គឺត្រូវមានជំនាញមួយដែលជាជំនាញគន្លឹះផ្នែកឧក្រិដ្ឋវិទ្យាក្នុងការតាមដានស៊ើបអង្កេតបទល្មើសឧក្រិដ្ឋធំៗ និងត្រូវប្រើប្រាស់បញ្ញាញាណ ទេពកោសល្យ បច្ចេកទេសបូករួមនិងទ្រឹស្តី របស់នគរបាលកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្រ្តជាមូលដ្ឋានផងដែរ ដើម្បីបំពេញនីតិវិធីបញ្ជូនជនសង្ស័យទៅកាន់តុលាការ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើដល់ស្នងការរងរាជធានីខេត្តត្រូវយកចំណេះជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលទៅបង្ហាត់បង្រៀនដល់បងប្អូនបន្ត ហើយបើមានចំណុចណាមិនទាន់ច្បាស់លាស់ អាចទំនាក់ទំនងសួរនាំពីគ្រូឧទ្ទេសផ្ទាល់។

សូមបញ្ជាក់ថា វគ្គបំប៉នជំនាញស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime) នេះមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមជាមន្ត្រីនគរបាលជាតិមកពីបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត សរុបចំនួន ១៧៤រូប(ស្រី២៣រូប)