សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្ដរស្ថាប័ន ស្ដីពីកិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤
នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្ដរស្ថាប័ន ស្ដីពីកិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនិងការបោះឆ្នោតថ្នាក់ជាតិ–ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២–២០២៤ តាមប្រព័ន្ធវីដេអូសន្និសីទ ដោយមានការអញ្ជើញចូលរួមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានទី១នៃ គ.ស.អ និង ឯកឧត្តមលោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង–ស្ថាប័ននានា, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមប្រឹក្សា–អភិបាលរាជធានី–ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមន្ត្រីនៃអង្គភាពពាក់ព័ន្ធ ជាច្រើនរូបទៀតផង។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.អ បានមានប្រសាសន៍ស្វាមគន៍បើកកិច្ចប្រជុំ និងថ្លែងអំណរគុណដល់សមាជិកសមាជិកានៃអង្គពិធីទាំងមូលដែលបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និងដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយផែនការអន្ដរស្ថាប័ន ស្ដីពីកិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ–ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២–២០២៤។
ក្នុងឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំ ក្រសួងមហាផ្ទៃ និងជាសមាជិក នៃ គ.ស.អ បានអាននូវខ្លឹមសារនៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ២៤៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ស្ដីពី ការបង្កើតគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍(គ.ស.អ) សម្រាប់ការបោះឆ្នោត ឆ្នាំ២០២២–២០២៤ ជូនដល់គណៈអធិបតី និងសមាជិកនៃអង្គពិធីជ្រាប។ ជាមួយគ្នានេះដែរ ឯកឧត្តមប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានអាននូវខ្លឹមសារនៃសេចក្ដីសម្រេចលេខ ១១ សសរ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ស្ដីពី ការបង្កើតលេខាធិការដ្ឋាននៃ គ.ស.អ ឆ្នាំ២០២២–២០២៤ ជូនអង្គពិធីផងដែរ។
ទទ្ទឹមនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋានគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃ គ.ស.អ បានធ្វើសេចក្ដីរាយការណ៍សង្ខេប អំពីគោលការណ៍សំខាន់ៗនៃផែនការអន្ដរស្ថាប័ន ស្ដីពីកិច្ចការការពារការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតនៅថ្នាក់ជាតិ–ថ្នាក់ក្រោមជាតិ ឆ្នាំ២០២២–២០២៤ រវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនពិធីទាំងមូលជ្រាបថា គិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍នយោបាយសំខាន់ៗពាក់ព័ន្ធទៅនឹងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំនួន ០៧លើក រួមមាន៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២, ការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោត បម្រើឱ្យការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រនីតិកាលទី០៧, ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី០៧ ឆ្នាំ២០២៣, ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣, ការបោះឆ្នោតជ្រើសរើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី០៥ ឆ្នាំ២០២៤, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី០៤ ឆ្នាំ២០២៤, ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានថ្លែងអំណរគុណចំពោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.អ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹងនាំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះជាមួយភាគីពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានសម្រាប់ចាត់ចែងរៀបចំផែនការសកម្មភាពទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យទាន់ពេលវេលា ទទួលបានប្រសិទ្ធភាព និងលទ្ធផលល្អប្រសើរ នៃការបំពេញការងារ។
ឯកឧត្តម បានបន្ដថា គ.ជ.ប ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ បានកសាងផែនការអន្ដរស្ថាប័ន សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ព្រមទាំងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មានចំនួន ៣ឆ្នាំ ជាប់ៗគ្នា ឆ្នាំ២០២២–២០២៣និង២០២៤។ ឯកឧត្តម បានបន្ថែមថា ក្នុងរយៈពេលនេះ យើងមានផែនការជាច្រើនដែលត្រូវបំពេញ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោតប្រកបដោយសន្ដិសុខ សុវត្ថិភាពគ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានអំពើហិង្សា។
ស្របជាមួយគ្នានេះដែរ អង្គពិធីទាំងមូល ក៏បានពិភាក្សាគ្នា ស្ដីពីកិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ–ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២–២០២៤ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតថ្នាក់ជាតិ–ថ្នាក់ក្រោមជាតិ ប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំង ទទួលយកបានលទ្ធផលល្អប្រសើរ។
ជាថ្មីម្តងទៀត បន្ថែមពីលើនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងនាមក្នុងគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត សម្ដេច បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក–លោកស្រី ដែលបានឆ្លៀតពេលអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារផែនការអន្ដរស្ថាប័នរបស់ក្រសួងមហាផ្ទៃក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្ដីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ–ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ព្រមទាំងប្រកាសនូវសមាសភាពរបស់ គ.ស.អ និងសមាសភាពលេខាធិការដ្ឋាននៃ គ.ស.អ ដែលជាយន្ដការ និងជារចនាសម្ព័ន្ធ សន្ដិសុខ បោះឆ្នោត ដើម្បីបំពេញបេសកកម្មផ្ដល់សេវាសន្ដិសុខ និងសុវត្ថិភាព ក្នុងដំណើរការរៀបចំការបោះឆ្នោតតាមអាណត្តិ និងនីតិកាលនីមួយៗ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។
សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ដថា ការបោះឆ្នោតថ្នាក់ជាតិ–ថ្នាក់ក្រោមជាតិ បានបោះឆ្នោតជាច្រើនលើក និងច្រើនសារនាពេលកន្លងទៅ រួមទាំងការបោះឆ្នោតជាបន្ដបន្ទាប់នាពេលខាងមុខ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ប្រកបដោយមោទកភាពជាតិ ដែលជាសក្ខីភាពនៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យមានអភិបាលកិច្ចល្អ បន្ដអនុវត្តនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងថ្នាក់មូលដ្ឋាន ដែលជាជំរឿននយោបាយសម្រាប់ការអភិវឌ្ឍដ៏សមស្របនិងល្អប្រសើរបំផុតសម្រាប់កម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមទៀត ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគ.ស.អ សម្ដេចក្រឡាហោម បានសម្ដែងការកោតសរសើរដោយស្មោះចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក–លោកស្រី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសការធានាស្ថិរភាពសន្ដិសុខសម្រាប់ការបោះឆ្នោតនាពេលកន្លងមក៕