សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី
<span;>នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោកជំទាវ ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារី នៃប្រទេសអូស្ត្រាលី ។
<span;>នៅក្នុងជំនួបនោះ ម៉ារីស ផេន (Marise Payne) បានគោរពពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ ពីឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយលោកជំទាវបានជម្រាបជូនថា លោកជំទាវបានមកកាន់ព្រះរាជាណាចក្រកម្ពុជាចំនួន២លើកកន្លងមកហើយ ដែលលើកទី១ គឺនៅក្នុងឆ្នាំ២០០២ និងលើកទី២នៅក្នុងឆ្នាំ២០០៥ ។ ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់កម្ពុជានៅពេលនេះ លោកជំទាវបានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំង លោកជំទាវបានសម្ដែងនូវការអបអរសាទរជូនដល់សម្ដេចតេជោ។ ជាមួយគ្នានោះផងដែរលោកជំទាវក៏បានគោរពវាយតម្លៃខ្ពស់ចំពោះ វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា តាមរយៈការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងការចាប់ផ្ដើមឲ្យសិស្សចូលរៀនវិញ និងបើកប្រទេសឲ្យប្រជាពលរដ្ឋរស់នៅតាមបែបកន្លងថ្មី។
<span;>លោកជំទាវក៏បានសម្ដែងនូវក្តីរីករាយ នូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងក្នុងក្របខណ្ឌទ្វេភាគី ទាំងក្នុងក្របខណ្ឌពហុភាគី។ ក្នុងក្របខណ្ឌទ្វេភាគី លោកជំទាវបានសម្ដែងនូវក្តីរីករាយចំពោះផ្លែផ្កាដែលទទួលបានពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិស័យយោធា វិស័យអប់រំ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ លោកជំទាវបានគោរពជម្រាបជូនសម្ដេចតេជោថា រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្ដល់ជូនកម្ពុជានៅវ៉ាក់ចាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៣លាន២សែន៥ម៉ឺនដូសដែលក្នុងនោះចំនួន១លានដូស នឹងត្រូវប្រគល់ជូនកម្ពុជាមុនបំណាច់ឆ្នាំនេះ ។ ក្នុងក្របខណ្ឌពហុភាគីលោកជំទាវបានសម្ដែងនូវអំណរសាទរចំពោះកម្ពុជាដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ហើយលោកជំទាវពិតជារីករាយយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី ហើយលោកជំទាវក៏បានជម្រាបជូនសម្តេចតេជោថា អូស្ត្រាលីនឹងជួយដល់កម្ពុជាធ្វើយ៉ាងណាឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឲ្យទទួលបាននូវភាពជោគជ័យ។
<span;>ឆ្លៀតនៅក្នុងឱកាសនោះផងដែរលោកជំទាវ ក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយសង្ខេបអំពីមេត្រីភាពរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅថា AUKUS។
<span;>ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការវាយតម្លៃរបស់លោកជំទាវ ម៉ារីស ផេន (Marise Payne) អំពីទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។ សម្ដេចតេជោបានមានប្រសាសន៍ថា អូស្ត្រាលី បានជួយកម្ពុជាច្រើន ជាពិសេសលើវិស័យកសិកម្ម តាមរយៈការបង្កើតវិទ្យាស្ថានស្រាវជ្រាវ បង្កាត់ពូជស្រូវ ដែលហៅកាត់ថា Cadi លើវិស័យយោធា លើវិស័យអប់រំ តាមរយៈការបើកសាលាភាសានៅកម្ពុជា និងការបើកឲ្យសិស្សកម្ពុជាទៅរៀននៅប្រទេសអូស្ត្រាលី លើវិស័យសុខាភិបាល តាមរយៈការផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជា ហើយសម្ដេចបានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលនឹងផ្ដល់អំណោយវ៉ាក់សាំងកូវីដ-១៩ នៅពេលខាងមុខដល់កម្ពុជា។ សម្ដេចបានមានប្រសាសន៍បន្តថា សម្ដេចមានសុទិដ្ឋិនិយម ក្នុងការបើកប្រទេសដល់ប្រជាពលរដ្ឋរស់នៅតាមគន្លងថ្មី ។
<span;>ក្នុងក្របខ័ណ្ឌអាស៊ានសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចសង្ឃឹមថាអូស្ត្រាលីនឹងចូលរួមជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឈានឆ្ពោះទៅកាន់ការតភ្ជាប់អាស៊ានឡើងវិញ បន្ទាប់ពីមានការកាត់ផ្ដាច់ដោយកូវីត-១៩ ។ ជាទីបញ្ចប់ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោកជំទាវ ម៉ារីស ផេន (Marise Payne) ដែលបានចែករំលែកព័ត៌មានពាក់ព័ន្ធ AUKUS និងជូនពរលោកជំទាវឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕