ល្បែងមាន់ជល់អនឡាញលេងនៅក្នុងតារាងបាល់មួយកន្លែង ស្ថិតនៅភូមិ យាយឡ ឃុំ ត្រាំកក់ ស្រុក ត្រាំកក់ ខេត្ត តាកែវ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ ដូចគ្មានខ្លាចក្រែងច្បាប់ រឺជនទាំងនេះគិត ថាស្រុកត្រាំកក់ គ្មានអជ្ញាធរអនុវត្តច្បាប់ចំពោះអ្នកលេងល្បែងរឺក៏យ៉ាងណា?
ត្រាំកក់ ៖ ថ្ងៃ អាទិត្យ ទី ០៨ ខែ កញ្ញា ឆ្នាំ ២០២៤ យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅក្នុងស្រុក ត្រាំកក់ ខេត្ត តាកែវ បានឲ្យដឹងថា បច្ចុប្បន្ននេះល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ នៅក្នុងទីតាំងតារាងបាល់ មួយកន្លែងដែលកំពុងបើកលេងជារៀងរាល់ថ្ងៃដោយគ្មានការលាក់បាំង គឺលេងដោយសេរីតែម្តង។
ក្រោយពីទទួលបានព័ត៌មានអង្គភាពយើងបានព្យាយាមទាក់ទងទៅលោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់តាមរយះទូរស័ព្ទលេខ 097 886 3870 តែលោកលើកហើយប្រាប់ជាប់ប្រជុំ ដោយអោយផ្ញើរឯកសារជូនលោកតាមតេលេក្រាម ចំណែកលោក កៅ វគ្គសែល អភិបាលស្រុក ត្រាំ អង្គភាពយើងបានទំនាក់ទំនងទៅលោកតាមរយះលេខទូរស័ព្ទ 012 88 58 96 ចូលហើយតែលោកមិនបានទទួល។
ពលរដ្ឋ និងមហាជនកំពុងរង់ចាំមើលថា ក្រោយពីទទួលបានព័ត៌មានពីទីតាំងបើកលេងល្បែងមាន់ជនអនឡាញខាងលើហើយ លោកអធិការ និង លោកអភិបាលស្រុកត្រាំកក់ និងមានវិធានការយ៉ាងណាចំពោះទីតាំងល្បែងបើកលេងជាប្រចាំថ្ងៃមួយនេះ ។
ខណះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋានហាក់បីដូចជា នាំគ្នារក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ បណ្តែតបណ្តោយអោយល្បែង កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនមានការទប់ស្កាត់និងបង្ក្រាប ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
សូមជម្រាបថា ក្រោយពីមានបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កន្លងមកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននែនាំអោយអាជ្ញាធរនិងសមត្ថកិច្ច គ្រប់រាជធានីខេត្ត ត្រូវត្រួតពិនិត្យ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ គ្រប់ភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន អោយខាងតែបាន។ជាក់ស្តែង ភាពព្រងើយកន្តើយ ធ្វើមិនដឹងមិនឮ ឬបិទភ្នែកបិទត្រចៀក របស់អាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងស្រុក បាទីកំពុងតែធ្វើអោយប្រជាលរដ្ឋ នៅក្នុងមូលដ្ឋាន មានមន្ទិលសង្ស័យថា អស់លោកទំនងជាទទួលបានលាភសក្ការៈ ពីម្ចាស់ទីតាំងជល់មាន់ តាមអនឡាញ ខាងលើនេះហើយមើលទៅ ទើបបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើបានបន្តអោយដឹងទៀតថា ជាទូរទៅគេតែងតែសង្កេតឃើញ ក្រុមអ្នកញៀនល្បែង បាននាំគ្នាពពាក់ពពូន ចូលទៅលេងល្បែងស៊ីសងមាន់ជល់អនឡាញ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដោយពួកគេដូចជាគ្មានញញើត និងបញ្ហាទោសទណ្ឌបន្តិចណាទាល់តែសោះ។
ប្រជាពលរដ្ឋបានសម្ដែងនូវចម្ងល់យ៉ាងខ្លាំងថា នៅបច្ចុប្បន្ននេះល្បែង ស៊ីសងមាន់ជល់អនឡាញ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេសត្រូវបានបិទអស់ហើយ តែទីតាំងមាន់ជល់អនឡាញខាងលើនេះ ហេតុអ្វីបានជាអាចបើកដំណើរការបានដោយរលូន ។
ព្រោះតែដំណើរការ នៃការលេងល្បែងជល់មាន់អនឡាញខាងលើនេះ ប្រព្រឹត្តទៅយ៉ាងរលូននោះហើយ ទើបប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ ចេះតែមានមន្ទិលសង្ស័យថា ប្រហែលជាអាជ្ញាធរនិងសមត្ថកិច្ច អាចត្រូវរូវគ្នាជាមួយម្ចាស់ទីតាំងទេដឹងបានជាដំណើរការល្អយ៉ាងនេះ? ។
ប្រជាពលរដ្ឋខ្លះនិយាយថា ម្ចាស់ទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ ទំនងមានបារមីខ្លាំងហើយមើលទៅ ទើបអាជ្ញាធរនិងសមត្ថកិច្ចខាងលើ រក្សាភាពស្ងៀមស្ងាត់យ៉ាងត្រជាក់ល្ហឹម។
ពាក់ព័ន្ធនិងករណីទីតាំងមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនេះ មហាជនបានសំណូមពរដល់ឯកឧត្តម វី សំណាង អភិបាល ខេត្តតាកែវ និង លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ដែលទើបតែផ្លាស់មកកាន់តំណែងថ្មី សូមមេត្តាជួយមានវិធានការចាត់មន្ត្រីជំនាញ អោយចុះពិនិត្យស្រាវជ្រាវទីតាំងមាន់ជល់អនឡាញខាងលើនេះផងទាន ដើម្បីយកមកអនុវត្តច្បាប់ ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងចូលរួមចំណែកបញ្ចៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជាចោរលួច- ចោរ ឆក់-ចោរ ប្លន់-គាស់ផ្ទះជាពិសេសករណីអំពើហឹង្សាក្នុងគ្រួសារ…៕
អង្គភាពសារព័ត៌មានយេីងនិងរងចាំការបកស្រាយបំភ្លឺ ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន៕
Tell: 010266266