ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការរដ្ឋបាលខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤
នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការដែលបម្រើការងារនៅក្នុងរដ្ឋបាលខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់ មន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវលើតួនាទីភារកិច្ចរបស់ខ្លួនឲ្យល្អ និងខិតខំប្រឹងប្រែងបន្ថែមទៀត ព្រោះថាការទទួលខុសត្រូវលើការងារគឺពិតជាសំខាន់ណាស់ ហើយជាចំណុចចាំបាច់ដែលមិនអាចខ្វះបាន ក្នុងការប្រកបការងារ ជាស្មារតីមួយ ដែលធ្វើឲ្យការប្រកបការងាររបស់មន្ត្រីរាជការមានប្រសិទ្ធភាព និងចំគោលដៅ។
ឯកឧត្តម សុខ លូ មានប្រសាសន៍បន្តទៀតថា មន្ត្រីរាជការទាំងអស់ត្រូវមានស្មារតីមួយ ក្នុងការសាមគ្គី និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដោយគោរពនូវឋានន្តរសក្តិការងារជានិច្ច និង ជួយបំពេញចន្លោះខ្វះខាតគ្នាទៅវិញទៅមក ដើម្បីឲ្យការផ្ដល់នូវសេវា ក៏ដូចជាការបំពេញនូវកិច្ចការមានភាពល្អប្រសើរ និងជៀសវាងការខ្វះចន្លោះក្នុងការងារ ។
ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់មន្ត្រីរាជការដែលធ្វើបម្រើការងារក្នុងរដ្ឋបាលខេត្តបាត់ដំបងទាំងអស់ ក៏ដូចជាក្នុងនាមជាប្រជាពលរដ្ឋ សូមចូលរួមសហការគ្នាក្នុងការជួយសម្អាតបរិស្ថានទាំងអស់គ្នា ទាំងបរិស្ថានជុំវិញខ្លួនដូចជាបន្ទប់ធ្វើការ ទីធ្លា ក៏ដូចជាបរិស្ថានខាងក្រៅ ឱ្យបានស្អាត និងមានអនាម័យជានិច្ច ដើម្បីសោភ័ណភាពខេត្តបាត់ដំបងយើងឱ្យកាន់តែស្រស់ស្អាត ក៏ដូចជាបរិស្ថានកន្លែងបំពេញការងារកាន់តែល្អផងដែរ ៕