កងទ័ពជើងគោក និងសាលាដំបូងខេត្តកំពង់ស្ពឺ ឃាត់ខ្លួនលោកវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ពាក់ព័ន្ធនឹងករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន មិនមានការពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយឡើយ
ភ្នំពេញ៖ កងទ័ពជើងគោក បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ជុំវិញករណីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន លោកវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ឪពុកលោក ស៊ន តារា ពាក់ព័ន្ធនឹងករណី «រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន»។
សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោក ដែលបណ្តាញសារព័ត៌មាន ទទួលបានឱ្យដឹងថា ÷បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា÷ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ស៊ុនណារ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ ពាក់ព័ន្ធនឹងករណីបទល្មើស «រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមបញ្ជាក់ជូនថា÷ ចំពោះករណីខាងលើនេះ មិនមានការពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយឡើយ គឺជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែងដែលពាក់ព័ន្ធនឹងគ្រឿងញៀនប៉ុណ្ណោះ។
បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នឹងបន្តតាមដានករណីខាងលើនេះ ដោយយកចិត្តទុកដាក់។
ដោយឡែក អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីចំណាត់ការរបស់តុលាការលើសំណុំរឿង លោក សុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ដែលពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញសារព័ត៌មាន ទទួលបានបញ្ជាក់ថា÷ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខៈ១៨៩៩ ចុះថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណី «រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន» ដែលមានជនត្រូវចោទឈ្មោះ សុខ ស៊ុនណារ៉េត ភេទប្រុស ឆ្នាំកំណើត១៩៥៨ ត្រូវបានចោទប្រកាន់ពីបទ÷ «រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន» ដែលប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ដោយបានដកហូតគ្រឿងញៀនចំនួន ០២ (ពីរ)កញ្ចប់ ជាប្រភេទមេតំហ្វេតាមីន ទម្ងន់ ១៥,៥២(ដប់ប្រាំក្បៀសហាសិបពីរ)ក្រាម និងសារធាតុមិនច្បាស់ចំនួន ០១(មួយ)កញ្ចប់ ទម្ងន់ ១៣,៧៨ (ដប់បីក្បៀសចិតសិបប្រាំបី) ក្រាម។
បន្ទាប់ពីបានពិភាក្សាដេញដោលចំពោះមុខ សួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានាក្នុងសំណុំ រឿងរួចរាល់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕