លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អំពាវនាវប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយស្នើសុំឱ្យគ្រប់ភាគីចូលរួមបង្កលក្ខណៈឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនពេញសិទ្ធិ និងបម្រុង ចំនួន ៩ឃុំ នៅស្រុកស្វាយជ្រំ រួមមាន ៖ ឃុំបាសាក់ ឃុំគ្រួស ឃុំស្វាយធំ ឃុំឈើទាល ឃុំស្វាយយា ឃុំស្វាយអង្គ ឃុំអង្គតាសូ ឃុំគោកព្រីង ឃុំ ស្វាយជ្រំ នាព្រឹក ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័កព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្ដេចប្រធាន និងសម្ដេចប្រធានកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនចំពោះបេក្ខជន ពេញសិទ្ធ និងបម្រុង ទាំងអស់ និងបានសូមជូនពរឱ្យទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតខាងមុខនេះ។
លោកជំទាវក៏បានលើកឡើងពីតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងបានណែនាំឱ្យថ្នាក់ដឹកនាំ និងបេក្ខជនគណបក្សបន្តការខិតខំបំរើប្រជាពលរដ្ឋឱ្យបានល្អ ដូចដែលគណបក្សបានប្រកាន់យកគោលការណ៍រួមសុខរួមទុក្ខជាមួយប្រជាជន មិនរត់ចោលប្រជាជន អ្វីៗគ្រប់បែបយ៉ាងដើម្បីជាតិ និងប្រជាជន។
លោជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា និងស្នើសុំឱ្យគ្រប់ភាគីចូលរួមបង្កលក្ខណៈឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ៕