ទីតាំងល្បែងស៊ីសងខុសច្បាប់យីហោមានជ័យ៧៧៧៧ កំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ក្នុងក្រុងកែបជិតផ្សារដំណាក់ចង្អើរថ្មី ខណៈសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់

ខេត្តកែប៖ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ត្រង់ចំណុចក្នុងផ្ទះលក់បាយកាហ្វេនិងភេសជ្ជៈមួយកន្លែងនៅជិតផ្សារដំណាក់ចង្អើរថ្មី កំពុងតែបង្កកើតបទល្មើសល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ហាយឡាយហ៍ តាមទូរទស្សន៍យីហោមានជ័យ៧៧៧៧» បានយ៉ាងរលូន ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់។

តាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាននៅថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ទីតាំងខាងលើនេះបាន បើកដំណើរការទទួល ដែលជាអ្នកញៀនល្បែងគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនកុះករ និងស្រែកហ៊ោរកញ្ជ្រៀវ យ៉ាងអណាធិបតេយ្យ ដោយគ្មានឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចេញមុខមកបង្រ្កាបសោះឡើយ។

ប្រភពព័ត៌មានក៏បានបញ្ជាក់ឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ លោក នូ សាន៉េត អធិការនគរបាលក្រុងកែប នៃស្នងការដ្ឋាននគរបាលខេត្តកែប ក៏បានដឹងដែរ តែលោកមិនបង្ក្រាប នោះទេ។

ពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះវត្តមានទីតាំងបទល្មើស  ល្បែងស៊ីសងខុសច្បាប់ខាងលើ ព្រោះល្បែងស៊ីសងគឺជាដើមកំណើតនៃចោរលួច ចោរប្លន់ ចោរឆក់សម្លាប់ ហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងៗ។

ប្រជាពលរដ្ឋបានលើកឡើងដោយរិះគន់ថា លោក នូ សាម៉េត អធិការនគរបាលក្រុងកែប មិនព្រមបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងនោះ សង្ស័យតែមានភាគហ៊ុនជាមួយម្ចាស់ទីតាំងហើយ ទើបមិនបង្រ្កាប។

ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក សោម ពិសិដ្ធ អភិបាលនៃគណអភិបាលខេត្តកែបនិងលោក សម្បត្តិ សុធារដ្ធ ស្នងការនគរបាលខេត្តកែប សូមជួយពិនិត្យមើលលោក នូ សាម៉េត អធិការនគរបាលក្រុងកែប ផង ព្រោះបទល្មើសពេញភូមិបែរជាមិនបង្រ្កាប តើឯណាទៅបញ្ជាឱ្យអនុវត្តភូមិឃុំមានសុវត្ថិភាព៕061 766 266