សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)
នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ដឹកនាំកិច្ចប្រជុំស្តីសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំនៃអង្គភាពនានា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធលើការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) សម្រាប់ធ្វើជាក្រឹតក្រមគតិយុត្តនៃច្បាប់មួយដើម្បីបម្រើដល់ការគ្រប់គ្រងយានដែលគ្មានមនុស្សបើកនៅកម្ពុជា។
នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបស្តីអំពីដំណើរការនៃការរៀបចំតាក់តែង និងខ្លឹមសារសេចក្តីព្រាងអនុក្រឹត្យ គោរពជូនសម្តេច និងអង្គប្រជុំបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ វិស័យអាកាសយានគ្មានមនុស្សបើក(ដ្រូន)នេះ មានការរីកដុះដាលយ៉ាងខ្លាំង ហើយចំពោះការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ក៏មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័យនៅតាមបណ្តាប្រទេសជាច្រើននៅលើសកលលោក រួមទាំងតំបន់ផងដែរ សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្ម សេវាកម្មដឹកជញ្ជូន វិស័យកសិកម្ម វិស័យសីល្បៈកម្សាន្ត ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការងារជួយសង្គ្រោះជាដើម។ នៅក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ ប្រទេសភាគច្រើនទាំងនៅក្នុងតំបន់អ៊ឺរ៉ុប និងអាស៊ី គេបានប្រើប្រាស់អាកាសយានគ្មានមនុស្សបើកនេះ ទៅឆ្លើយតបលើដំណាំបាញ់ថ្នាំសម្លាប់សត្វល្អិត ថតពិនិត្យលើផលដំណាំ ដែលនាំឱ្យចំណេញពេលវេលា និងមិនបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស។ ក្រៅពីនេះនៅមានផលប្រយោជន៍ជាច្រើនផ្សេង ដូចជាការជួយសង្គ្រោះជីវិតមនុស្សសត្វ នៅពេលមានអគ្គិសភ័យកើតឡើង ឬមានបាតុភូតធម្មជាតិផ្សេងៗ ទោះបីជាអាកាសយានគ្មានមនុស្សបើក (ដ្រូន) មានសារៈសំខាន់ជាច្រើនដូចបានរៀបរាប់ខាងលើក៏ដោយ ក៏ប៉ុន្តែផ្ទុយទៅវិញ គេអាចប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូន សម្រាប់ប្រព្រឹត្តអំពើភេរវកម្ម ឬបទល្មើសនានា ដូចជាការដាក់គ្រឿងបំផ្ទុះ ឬឧបករណ៍លួចថតឆ្លប់យកការណ៍ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ហេតុនេះ ដើម្បីធានាដល់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ឱ្យការប្រើប្រាស់បានត្រឹមត្រូវ និងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិតម្រូវឱ្យមានច្បាប់ ឬលិខិបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)។
លើសពីនេះទៀត ឯកឧត្តម ក៏បានមានប្រសាសន៍ជម្រាបជូនបន្ថែមថា បច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជា នៅពុំទាន់មានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូននៅឡើយទេ បើប្រៀបធៀបទៅនិងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន ដែលមានច្បាប់គ្រប់គ្រងរួចហើយ។ ឯកឧត្តម បន្តថា ក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះ បានដឹកអង្គភាពពាក់ព័ន្ធធ្វើការសិក្សាស្រាវជ្រាវនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលើការគ្រប់គ្រង ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ពីបណ្តាប្រទេសជាច្រើននៅតំបន់អ៊ឺរ៉ុប សហរដ្ឋអាមេរិក តំបន់អាស៊ី ដូចជានៅប្រទេស ជប៉ុន ចិន សឹង្ហបុរីថៃ និងវៀតណាមជាដើម ដើម្បីជាធ្វើជាមូលដ្ឋាននៅក្នុងការរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះឡើង ក្នុងគោលបំណងគ្រប់គ្រងការប្រើប្រាស់នូវអាកាសយានគ្មានមនុស្សបើក (ដ្រូន) ឱ្យបានត្រឹមត្រូវក្នុងបទដ្ឋានបច្ចេកទេស ធានាបានផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។
ទន្ទឹមនេះផងដែរ ឯកឧត្តម រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំអនុក្រឹត្យ បានគូសបញ្ជាក់ថា អនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូននេះ បានរៀបចំតាក់តែងឡើងតាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងគ្រប់គ្រងការចុះបញ្ជីការនាំចូល ការផលិត ការតម្លើង ការកែច្នៃ ការកំណត់តំបន់ហាមឃាត់នូវការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ទាំងអស់ លើកលែងតែអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិដែលកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។ សេចក្តីព្រាងអនុក្រឹត្យនេះ ត្រូវបានក្រុមការងារប្រជុំពិនិត្យ និងពិភាក្សាជាច្រើនលើករួចមកហើយ ទាំងអន្តរក្រសួង និងក្នុងក្របខណ្ឌផ្ទៃក្នុងសម្រាប់ក្រសួមហាផ្ទៃ ដែលបានប្រមូលយកនូវធាតុចូលពាក់ព័ន្ធជាច្រើន ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះឱ្យបានសមស្រប និងមានវិសាលភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ផ្អែកលើកការសម្រេចបានខាងលើនេះផងដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានសម្តែងការអរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានរួមសហការគ្នាសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងបានផ្តួចផ្តើមនូវធាតុចូលសំខាន់ៗ ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ឱ្យបានគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានណែនាំដល់ក្រុមការងារ និងអង្គភាពពាក់ព័ន្ធទាំងអស់បន្តរួមគ្នាសហការសិក្សាស្រាវជ្រាវ និងពិនិត្យកែសម្រួលឱ្យបានល្អិតល្អន់បន្ថែមទៀតលើការងារដ៏មានសារៈសំខាន់នេះ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា