សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៥
នៅព្រឹកថ្ងៃពុធទី១៥ ខែមីនា ឆ្នាំ ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអប៉ាស៊ីហ្វិកលើកទី៥នៅសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ ។
សន្និសីទនេះ មានការអញ្ជើញចូលរួមពីប្រតិភូតំណាងប្រទេសដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការតំណាងជនមានពិការភាពនិងបងប្អូនជនមានពិការភាពដែលបានអញ្ជើញមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥ នេះ ស្ដីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការពង្រឹងភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាព ក្នុងអំឡុង និងក្រោយការរាតត្បាតនៃជំងឺកូវីដ–១៩ តាមរយៈ “ការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន”។
សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់សហគមន៍ជាតិ និង អន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធិជនមាន–ពិការភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្តទីក្រុង អ៊ីនឈុនដើម្បីផ្តល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព។ សម្តេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្នបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយបាន និងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាជនទូទៅជាពិសេសជនមាន–ពិការភាព និងជនងាយរងគ្រោះដទៃទៀត។
សម្តេចតេជោបានមានប្រសាសន៍បន្តថា វិបត្តិនៃការរីករាលដាលជំងឺកូវីដ–១៩ ពុំទាន់បានបិទបញ្ចប់ទាំងស្រុងមានការលេចចេញនូវការ ប្រណាំងប្រជែងរបស់មហាអំណាចធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពិភពលោក ដោយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវធម្មាធិបតេយ្យនិយមរបស់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាសកល។ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនេះ ការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពធម្មនុញ្ញ និងគោលការណ៍អង្គការសហប្រជាជាតិ ព្រមទាំងការលើកកម្ពស់ការអនុវត្តយន្តការអន្តរជាតិ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ។ សម្តេចតេជោ មានប្រសាសន៍ថា ចំពោះបញ្ហាសង្គ្រាម កម្ពុជាមានបទពិសោធន៍ជូរចត់គ្រប់គ្រាន់ដែលអាចចងក្រងជាប្រវត្តិសាស្រ្ត ហើយជាការពិត «សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ»។ ក្នុងន័យនេះមានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការចរចា និងការពិគ្រោះយោបល់តែប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសុខសន្តិភាពប្រកបដោយចីរភាព។
ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាព ប្រកបដោយបរិយាប័ន្នក្នុងសហគមន៍ និងក្នុងដំណើរការ អភិវឌ្ឍសង្គម–សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា សម្តេចតេជោ ហ៊ុន សែន សូមលើកទឹកចិត្ត និងផ្តល់នូវទស្សនៈចំនួន៤ ដូចខាងក្រោម៖
ទី១៖ គ្រប់កិច្ចអភិវឌ្ឍ រួមមានសកម្មភាពសង្គម សេដ្ឋកិច្ចនយោបាយ និងវប្បធម៌ត្រូវលើកទឹកចិត្ត និងលើកកម្ពស់ឱ្យ មានការចូលរួមជាអតិបរមារបស់ជនមានពិការភាពនៅកម្រិតសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព និងតួអង្គនៃការអភិវឌ្ឍ ។
ទី២៖ ការបង្កើនកិច្ចសហការរវាងប្រជាជន រដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលត្រូវបានលើកទឹកចិត្ត សំដៅចែករំលែកបទពិសោធ ផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មាន និងឧត្តមានុវត្តន៍ ជាក់ស្តែង ជាពិសេសមតិយោបល់ល្អៗនៃកិច្ចពិភាគ្សាគ្នាក្នុង រយៈពេល ៣ ថ្ងៃនៃសន្និសីទនេះ សម្រាប់ជាធាតុចូលដល់ការ សម្រួចបន្ថែមលើផែនការអភិវឌ្ឍវិស័យពិការភាពនៅកម្រិត សហគមន៍ឱ្យបានកាន់តែស៊ីជម្រៅ ។
ទី៣៖ សូមលើកទឹកចិត្តឱ្យបង្កើនកិច្ចសហការរៀបចំ ការបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេស សមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយ បៀវត្សខ្ពស់ក៏ដូចជាធ្វើឱ្យជនមានពិការភាពអាចចូលរួមកាន់ តែច្រើន ពេញលេញ និងស្មើសិទ្ធិក្នុងទីផ្សារការងារ ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ។
ទី៤៖ សូមលើកទឹកចិត្តឱ្យបន្តពង្រឹងអនុវត្ត និងពង្រីកការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាប័ន្ន មានប្រសិទ្ធភាព និងទូលំទូលាយ និងសូមអំពាវនាវឱ្យមានការចូលរួមជាមួយគ្នា ក្នុងស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការអនុវត្តសេចក្តី–ថ្លែងការណ៍ហ្សាកាតាស្តីពីទសវត្សរ៍ជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ ២០២៣–២០៣២ ដើម្បីជាគុណប្រយោជន៍ដល់ជនមានពិការភាព ទាំងក្នុងប្រទេសតំបន់ និងសកល៕