លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាតអញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប នៅព្រឹកថ្ងៃអង្គារ  ១២រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣

នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោតេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងមានការអញ្ជេីញចូលរួមពី លោកលោកស្រីស្នងការរង លោកនាយការិយាល័យទាំង៣៣ និងលោកអធិការក្រុងស្រុកទាំង១២ ផងដែរ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ស្នងការ បានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ ១៦ ឧសភា ១៩៤៥១៦ ឧសភា ២០២៣ ក្នុងនាមថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត សូមឧទ្ទិសនូវការចងចាំមិនអាចបំភ្លេចបានចំពោះ គុណូបការៈ និងពលិកម្មដ៏ធំធេងរបស់បុព្វបុរស រៀមច្បង និវត្តន៍ជន ក៏ដូចជាយុទ្ធជនយុទ្ធនារីនគរបាលជាតិ គ្រប់ជំនាន់ ដែលបានតស៊ូប្រកបដោយវីរភាពអង់អាចក្លាហានឆ្លងកាត់គ្រប់ឧបសគ្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ និងបានមានប្រសាសន៍លេីកសរសេីរ ចំពោះកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តទាំងអស់ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក និងបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានកាន់តែល្អប្រសើរ។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ ស្នងការ បានជូនពរដល់អង្គប្រជុំទាំងមូល ទទួលបាននូវសុខភាពល្អ និងពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច