សម្ដេចតេជោ ហ៊ុន សែន អះអាងពីការពន្លឿនកិច្ចប្រឹងប្រែងរួមគ្នាកសាងសហគមន៍ វាសនារួម និងជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីការពន្លឿនកិច្ចប្រឹងប្រែងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជាចិន ប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិ ការ ត្បូង ពេជ្រកម្ពុជាចិន ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និង ប្រទេសទាំងពីរ។ នេះបើតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្ដម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ចុះថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៣។

ក្នុងលិខិត សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវអំណរគុណយ៉ាងក្រៃលែងជូន ឯកឧត្តមនាយករដ្ឋមន្ត្រីចិន សម្រាប់ការអបអរសាទរយ៉ាងកក់ក្តៅចំពោះ ជ័យជម្នះរបស់ គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការវាយតម្លៃ ខ្ពស់ ចំពោះ សមិទ្ធផលក្នុងប្រទេសកម្ពុជា នាឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់សម្ដេច។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានសម្ដែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដោយមើលឃើញ ថា ទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុង ជ្រោយ រវាងកម្ពុជា និងចិន បន្តរីកចម្រើនទៅមុខ និងបានវិវត្ដន៍ទៅជាមិត្តភាពដែកថែប។

សម្ដេចតេជោបានអះអាងថា នៅក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ គោលនយោបាយ របស់ កម្ពុជា ចំពោះ ប្រទេសចិន គឺមិនផ្លាស់ប្តូរឡើយ ដោយផ្អែកលើមិត្តភាពជាប្រពៃណី ការ ជឿជាក់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។ សម្ដេចតេជោគូសបញ្ជាក់ បន្ថែមថា ដោយប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការ បង្កើត ទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជាចិន។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏ សូម បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការធ្វើ ការ ជិត ស្និទ្ធ ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីដើម្បីពន្លឿនកិច្ចប្រឹងប្រែងរួមគ្នាកសាងសហ គមន៍ វាសនា រួមកម្ពុជាចិន ប្រកបដោយ គុណ ភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ព្រម ទាំងជំរុញកិច្ចសហប្រតិបត្តិការត្បូង ពេជ្រ កម្ពុជាចិន ដើម្បីជាផលប្រយោជន៍ទៅវិញ ទៅ មក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និង វិបុលភាពក្នុងតំបន់ និងពិភពលោក៕ដោយ៖ ជឹម ណារី