បណ្ឌិត ហ៊ុន ម៉ាណែត អរគុណសមាជិកបក្សគ្រប់លំដាប់ថ្នាក់ដែលលះបង់កម្លាំងកាយចិត្តសកម្មក្នុងការបោះឆ្នោតកន្លងទៅ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានផ្ញើសារលិខិតថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមាជិកគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ដែលសកម្មទាំងអំឡុងពេលយុទ្ធនាការ និង សង្កេតការណ៍ការបោះឆ្នោត នីតិកាលទី៧ កន្លងទៅ។

សារឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានខ្លឹមសារថា៖«តាងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនិងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងសេចក្តីថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្រ ជូនចំពោះបងប្អូន លោកពូអ្នកមីង លោកយាយ លោកតា ទាំងអស់ ជាថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា បងប្អូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមតំបន់និងបណ្តាប្រទេសនានាដែលកំពុងរស់នៅ និងស្នាក់នៅក្រៅប្រទេសទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតីធនធានសម្ភារៈ និងថវិកាផ្ទាល់ខ្លួន ចាប់តាំងពីការអំពាវនាវឱ្យមានការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧តាមរយៈការចេញវីដេអូឃ្លីប និងសារគាំទ្រជាបន្តបន្ទាប់ រហូតដល់នាំក្រុមគ្រួសារធ្វើដំណើរមកប្រទេសកម្ពុជាដោយផ្ទាល់ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត និងបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា មួយចំនួន បានធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោត និងមួយចំនួនទៀតដែលមានសិទ្ធិបោះឆ្នោត ក៏បានចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅផងដែរ»

ក្នុងសារលិខិតដដែល បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្ដីនឹករលឹក និងសេចក្ដីថ្លែងអំណរគុណពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រសិទ្ធិពរជ័យជូនចំពោះថ្នាក់ដឹកនាំសមាជិក សមាជិកា ទាំងអស់វិលត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព៕

IMG_9354.jpeg