ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ជា ហ៊ន ជាអភិបាល នៃគណៈអភិបាលស្រុកស្វាយទាប
ស្វាយរៀងះ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ជា ហ៊ន ជាអភិបាល នៃគណៈអភិបាលស្រុកស្វាយទាប ជំនួសលោក ម៉ែន សារ៉ាន់ ដែលត្រូវដល់អាយុចូលនិវត្តន៍ស្របតាមច្បាប់កំណត់ ។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានមន្ទីរ–អង្គភាពមួយចំនួនក្នុងខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រីប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យ មន្ត្រីរាជការចំណុះសាលាស្រុក និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាស្រុុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសលោក ម៉ែន សារ៉ាន់ ដែលនៅក្នុងអាណត្តិ នៃការដឹកនាំជាអភិបាលស្រុកកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចដឹកនាំស្រុកប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនិងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមអភិបាលខេត្តបានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១–ត្រូវពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។
២–ត្រូវបង្កើនការសហការក្នុងការថែរក្សាពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសងជាដេីម។
៣–គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
៤–ត្រូវខិតខំពង្រឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយស្រុក និងផ្ដល់ការគាំទ្រដល់យន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ ឲ្យមានដំណើរការល្អ ដើម្បីលើកកម្ពស់ការផ្ដល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពប្រកប ដោយអភិបាលកិច្ចល្អ ស្របតាមបែបបទ និងនីតិវិធី នៃការផ្ដល់សេវាតាមរចនាសម្ព័ន្ធ និងមុខងារថ្មី។
៥–ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អជូនប្រជាពលរដ្ឋ។
៦–រដ្ឋបាលស្រុកត្រូវបង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅតាមទីប្រជុំជនក្នុងស្រុក ជាពិសេសនៅខាងក្នុង និងជុំវិញផ្សារ នៅតាមដងផ្លូវ និងពង្រឹងការគ្រប់គ្រងទុកដាក់សំរាមសំណល់រឹងទីប្រជុំជនឲ្យមានរបៀបរៀបរយ ។
៧–រដ្ឋបាលស្រុកត្រូវបង្កើនការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅក្នុងអង្គវេទិកាសាធារណៈ ជាពិសេសទំនាស់ដីធ្លី ត្រូវខិតខំព្យាយាម អត់ធ្មត់ ដើម្បីដោះស្រាយប្រកបដោយតម្លាភាពយុត្តិធម៌ និងសន្តិវិធី ដោយឈរលើគោលការណ៍បង្រួមទំនាស់ ពង្រីកការដោះស្រាយ ជាមួយនិងការខិតខំ ទប់ស្កាត់កុំឲ្យមានទំនាស់ថ្មីគ្រប់ប្រភេទកើតឡើងឲ្យមានប្រសិទ្ធភាព។
៨–រដ្ឋបាលស្រុកត្រូវបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើ វិស័យអាទិភាពនានាជាមួយស្រុកជាប់ព្រំដែន នៃប្រទេសជិតខាង ឲ្យបានល្អប្រសើរ ។