សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ របស់ គ.ជ.ប

បាត់ដំបង នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០២៣នេះ

សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតនិងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) ដែលពិធីនេះប្រារព្ធធ្វើឡើងនៅឯសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍ នាឱកាសនោះ សម្តេចក្រឡាហោម ខេង បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី .. អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមអនុវត្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនស្របតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌នានា សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នេះទទួលបានលទ្ធផលល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ក្រោមបរិយាកាសសន្តិភាពមានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ។

សម្ដេចក្រឡាហោម បានលើកឡើងថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ ១៩៩៣ រហូតមកទល់នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់បានយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត សរុបចំនួន១៨ ក្នុងការបោះឆ្នោតរួចមកហើយ។

សម្ដេចក្រឡាហោម បន្ថែមថា ការបោះឆ្នោតគ្មានប្រទេសណាមួយ ដែលបានរៀបចំចាត់ចែងការបោះឆ្នោតដែលល្អឥតខ្ចោះនោះឡើយ ដោយឡែក សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧នេះ អាចចាត់ទុកថា ជាការបោះឆ្នោតដ៏ជោគជ័យបំផុត បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗនៅកម្ពុជា ដោយការបោះឆ្នោតនេះមានអត្រានៃការចូលរួមបោះឆ្នោតខ្ពស់រហូតដល់៨៤,៥៩% ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែងមានសណ្តាបធ្នាប់របៀបរៀបរយល្អ។

សម្ដេចក្រឡាហោម ខេង បានបន្ថែមទៀតថា គណបក្សនយោបាយបានចូលរួមបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាពប្រកួតប្រជែងគ្នា ប្រកបដោយភាពថ្លៃថ្នូរ ដែលនេះអាចបង្ហាញពីការយល់ដឹង អំពីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ អំពីសិទ្ធិបោះឆ្នោត ជាហេតុធ្វើឱ្យអ្នកបោះឆ្នោតបានចូលរួមក្នុង ដំណើរការបោះឆ្នោត និងសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីសម្រេចជោគវាសនាអនាគតប្រទេសជាតិរបស់ខ្លួន៕