នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញពាក់ព័ន្ធ តាមចាប់ខ្លួនអ្នកទោសជនជាតិចិន និងក្រុមខ្មាន់កាំភ្លើង

(ភ្នំពេញ) នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាឱ្យកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ និងគ្រប់បណ្តាស្នងការដ្ឋានគរបាលរាជធានីខេត្តទាំងអស់ ពិសេសខេត្តជាប់ព្រំដែន បើកប្រតិបត្តិការស្វែងរកចាប់ខ្លួនអ្នកទោសគ្រឿងញៀនជនជាតិចិនម្នាក់ ដែលត្រូវក្រុមខ្មាន់កាំភ្លើងរំដោះ នៅក្រុងសៀមរាប ពេលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញ។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនប្រាប់បណ្តាញព័ត៌មានយើង។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មេក្លោងជួញដូរគ្រឿងញៀនជនជាតិចិន ដែលកំពុងរត់គេចខ្លួននេះ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួន តាំងពីឆ្នាំ២០០៩មកម្ល៉េះ ហើយតុលាការរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារព្រៃស តែក៏ត្រូវប្តូរទៅដាក់ពន្ធនាគារនៅខេត្តសៀមរាបវិញ។

សូមជម្រាបថា ខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោស៥២ឆ្នាំ៕