ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តាំផ្ញើ ៩ចំណុច ទៅកាន់អគ្គនាយក ដែលប្រកាសតែងតាំងថ្មី

ភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងផ្តាំផ្ញើ ៩ចំណុច ទៅកាន់អគ្គលេខាធិការ អគ្គនាយក ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាអង្គពិធីទាំងមូល ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិតអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យនគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។

មតិផ្តាំផ្ញើទាំង ៩ចំណុច របស់ឯកឧត្តមអភិសន្តិបណ្ឌិត សុខា រួមមាន

ទី១. កសាងប្រព័ន្ធ និងបង្កើនវប្បធម៌ទំនាក់ទំនង និង ត្រូវបន្តសហការគ្នាឲ្យបានល្អ ប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្មព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រម ដែលមាននៅក្នុងលក្ខនិ្តកៈរបស់ក្រសួងមហាផ្ទៃ និងការគំាពារល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ សំដៅធ្វើយ៉ាងណាដើម្បីឱ្យស្ថាប័នរបស់ខ្លួនមានភាពល្អប្រសើរបន្ថែមទៀត។ ហើយក្នុងនាមជាសេនាធិការឲ្យក្រសួងមហាផ្ទៃអគ្គនាយកដ្ឋាននីមួយៗ ត្រូវសិក្សារៀបចំ កសាងពង្រឹងច្បាប់ អនុក្រឹត្យ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងវិធានការនានាសំដៅលើកកម្ពស់ប្រសិទ្ធភាពការងារតាមតួនាទីភារកិច្ច តាមច្បាប់ជាធរមាន។

ទី២. ត្រូវបន្តជំរុញការអភិវឌ្ឍ ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីបំពេញបាននូវតម្រូវការជាក់ស្ដែងនៃការបណ្ឌុះបណ្ដាល ដោយផ្អែកលើផែនការ កម្មវិធីកំណែទម្រង់ កម្មវិធីអប់រំ ស្តង់ដារគុណភាពបទប្បញ្ញត្តិ គោលការណ៍នានា និងអភិក្រម + គឺការផ្ដួចផ្ដើមគំនិត ការច្នៃប្រឌិត ការកែទម្រង់នវានុវត្តន៍ នវកម្ម និងបូក គឺការចេះមើលឃើញចំណុចខ្វះខាត។

ទី៣. ត្រូវបន្តដំណើរការការងាររបស់ខ្លួន ប្រកប ដោយនិរន្តរភាព ជាមួយនឹងការបន្តពង្រឹងការទទួលខុសត្រូវ សមត្ថភាព គុណភាពនិងប្រសិទ្ធ ភាពការងារជាប្រចាំ ស្របតាមផែនការ និងយុទ្ធសាស្រ្តដែលបានគ្រោងទុក និងរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង ធានាប្រក្រតីភាពស្ថាប័ន ជាតិធានាសុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់ជាតិ អន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍នយោបាយជាតិ តំបន់និងអន្តរជាតិ ទប់ស្កាត់ការបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ ព្រមទាំងប្រឆាំងរាល់ឧបាយកលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ទី៤. ត្រូវលុបបំបាត់វប្បធម៌អន្តរាគមន៍ គ្រប់ប្រភេទ រួមគ្នាលុបបំបាត់នូវវប្បធម៌និទណ្ឌភាព (ភាពមិនទទួលទោសពៃរ) មានបទល្មើសព្រហ្មទណ្ឌអាជ្ញាធរ និងនគរបាលមូលដ្ឋានសម្របសម្រួលជនរងគ្រោះ និងជនសង្ស័យ ហើយទាញយកផលប្រយោជន៍ផ្ទាល់ខ្លូនដូចជាយកលុយពីជនសង្ស័យ និងជនរងគ្រោះជាដើម។

ទី៥. បន្តជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចាត់វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ អំពើជួញដូរមនុស្សល្បែងស៊ីសងខុសច្បាប់ ដើរទន្ទឹមទៅនឹងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សណ្ដាប់ធ្នាប់

សាធារណៈ និងគ្រោះថ្នាក់នានាក្នុងសង្គមដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ទី៦. បន្តដំណើរការច្រកចេញចូលតែមួយស្តីពីសេវាផ្តល់អត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់ ដែលកំពុងអនុវត្តនៅក្នុងខេត្តគោលដៅ និងបន្តពិនិត្យលទ្ធភាព ដើម្បីអនុវត្តនៅតាមឃុំសង្កាត់ ក្នុងខេត្តផ្សេងទៀត។ ព្រមជាមួយគ្នានេះត្រូវបន្តពិនិត្យលទ្ធភាពពង្រឹងសេវាផ្តល់លិខិតឆ្លងដែនដល់ប្រជាពលរដ្ឋ ដែលមានបំណងចង់ទៅធ្វើការងារនៅក្រៅប្រទេស។

ទី៧. បន្តពង្រឹងការអនុវត្តវិធានការការពារសន្តិសុខ សុវត្ថិភាពពន្ធនាគារ និងយកចិត្តទុកដាក់ពង្រឹងក្រមសីលធម៌ ជំនាញវិជ្ជាជីវៈរបស់មន្ត្រីពន្ធនាគារជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើស និងហានិភ័យផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ជាក់ស្តែងដូចជាករណីរំដោះអ្នកទោសដែលជាមេក្លោងគ្រឿងញៀន កាលពីថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅខេត្តសៀមរាប តែជាលទ្ធផលសមត្ថកិច្ចជំនាញរបស់យើង បានចាប់ខ្លួនត្រឡប់មកវិញកាលពីថ្ងៃ២៣ ខែសីហាឆ្នាំ២០២៣។

ទី៨. អគ្គនាយកដ្ឋានពាក់ព័ន្ធ ត្រូវបន្តការធ្វើកំណែទម្រង់ចំពោះការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ចាប់ពីកម្រិតថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ ចំណេញពេលវេលា និងថវិកា។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពាក់ព័ន្ធត្រូវខិតខំសិក្សានឹងឈានទៅដល់ការបង្កើតអោយមានប្រព័ន្ធគ្រប់គ្រងការងាររដ្ឋបាល ឬការផ្តល់សេវាសាធារណៈ តាមរយៈការបង្កើតអោយមាន (E-Governance) ទៅតាមកម្រិត នៃវិស័យ និងជំនាញរៀងៗខ្លួន។

ទី៩. សូមឯកឧត្តម លោកជំទាវ អស់លោក លោក ស្រី ជាថ្នាក់ដឹកនាំ បន្តជំរុញអោយមានសប្រសិទ្ធភាពកាន់តែខ្លាំងបន្ថែមទៀតការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ជូនថា អគ្គនាយក អគ្គលេខាធិការ និងប្រធានបណ្ឌិត្យនគរបាលកម្ពុជា ដែលត្រូវបានប្រកាសចូលកាន់មុខតំណែង នាឱកាសនោះរួមមាន

. ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស

. ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ជាប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា

. ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន

. ឯកឧត្តម សួស ប្រាថ្នា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល

. ឯកឧត្តម អគ្គានុរក្សថ្នាក់លេខ១ ឈន សាណាក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ

. ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

. ឯកឧត្តម ឧត្តមសេនីយ៍ តុប នេត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

. ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ៕