ពលរដ្ឋពល២ឃុំក្នុងស្រុកបសេដ្ឋ ស្នើរដល់ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជួយពន្លឿនក្នុងការកសាងផ្លូវដល់ពួកគាត់

កំពង់ស្ពឺះ នៅថ្ងៃទី ៧ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង២០.០០នាទី អង្គភាពយើងខ្ញុំបានទទួលទូរសព្ទ១ខ្សែ ខលចេញពីពលរដ្ឋម្នាក់សូមមិនបញ្ជេញឈ្មោះ បានខលមករៀបរាប់ពីភាពលំបាកក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើតនាឪកាសបុណ្យភ្ជុំបិណ្ឌ ត្រង់ចន្លោះផ្លូវជាតិលេខ៣នៅម្តុំស្ពានស្លាគូ ចូលតាមខ្លោង ទ្វាវត្តពោធិឆ្ពោះទៅកាន់ផ្លូវ៤១។

ក្រោយពីទទួលបានព័ត៌មាន នៅព្រឹកថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០២៣ អង្គភាពយើងខ្ញុំបានចុះទៅយកព័ត៌មានជាក់ស្តែងដល់ទីតាំងផ្ទាល់ឃើញថា ផ្លូវ១ខ្សែនេះពិតជា មានការខូចខាចពិបាកក្នុងការធ្វើដំណើរដូចពលរដ្ឋលើកឡើងប្រាកដមែន

តាមប្រភពពលរដ្ឋរស់នៅក្នុង ឃុំពោធិអង្ក្រង និង ឃុំពោធិចំរើនបានរៀបរាប់ប្រាប់អង្គភាពយើងថា ផ្លូវ១ខ្សែនេះមានអាយុកាលយូរឆ្នាំមកហើយ តែងតែត្រូវបានថែទាំនិងជួសជុល ពីសំណាក់អជ្ញាធរ ភូមិ ឃុំ និង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាហូរហែ នៅពេលដែរផ្លូវខូចពិបាកធ្វើដំណើរ។

ប៉ុន្តែក្រោយពីការជួសជុសបានតែមួយរយះខ្លី ផ្លូវនេះក៏ចាប់ផ្តើមខូចឡើងវិញជាបណ្តើរ ៗព្រោះតែមានឡានដឹកដី ដឹកខ្សាច់ ដឹកទំនិញធំៗ បើកឆ្លងកាត់ទៅមកៗ ដែលបណ្តាលធ្វើអោយផ្លូវ១ខ្សែនេះទ្រុឌទ្រោម ខូចខាតឡើងវិញម្តងហើយម្តងទៀត។ម៉្យាងវិញទៀតពលរដ្ឋបញ្ជាក់ថា ផ្លូវនេះមានសភាពមិនរឹងមាំ វាបណ្តាលមកពីស្ថានភាពដី គ្មានប្រព័ន្ធលូបង្ហូរទឹក និងការជួសជុលទៅតាមលទ្ធភាពតិចតួចរបស់ពលរដ្ឋនិង អជ្ញាធរភូមិឃុំរៃអង្គាស់គ្នាប៉ុណ្ណោះ។

បើតាមលោកស្រីព្រុំសុខា មេឃុំពោធិចំរើន បានលើកឡើងថាផ្លូវ១ខ្សែនេះពិតជាមានការខូចខាតដោយសារឡានធំដឹកដី ដឹកខ្សាច់ពិតប្រាកដមែន ពេលនេះលោកស្រីកំពុងអោយក្រុមហ៊ុនឡានដឹកដី ដឹកខ្សាច់ទាំងនោះ ធ្វើការជួសជុលផ្លូវដែលខូចខាតឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ លោកស្រីក៏សង្ឃឹមដែរថាផ្លូវ១ខ្សែនេះហ្នឹងត្រូវបានកសាងនៅពេលឆាប់ៗខាងមុន ពីផ្លូវដីទៅជាផ្លូវចាក់កៅស៊ូដែលមានសភាពរឹងមាំងាយស្រួលដល់ការធ្វើចរាចរណ៍ទៅមក។

ចំណែកលោក សំអឿន សុបញ្ញាអភិបាលស្រុកបសេដ្ឋបានបញ្ជាក់ប្រាប់អង្គភាពយើងថា ផ្លូវ១ខ្សែនេះកំពុងត្រូវបានស្ថិតក្នុងសំណើរនៃការសាងសង ប៉ុន្តែដោយសារបញ្ហាកូវីត១៩ ទើបមានការយឺតយ៉ាវ  លោកបញ្ជាក់បន្ថែមថា ខាងសាលាស្រុកយកទុកដាក់ខ្លាំងណាស់ពីបញ្ហាផ្លូវក្នុងមូលដ្ឋាន បើសិនជាមានការខូចខាតត្រង់ចំណុចណា លោកនិងអោយមន្ត្រីចុះទៅត្រួតពិនិត្យជួសជុលបឋមសិនដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ធ។

ពលរដ្ឋនៅក្នុងឃុំពោធិអង្រង និងឃុំពោធិចំរើន ស្រុកបសេដ្ឋបានសូមណូមពរដល់ឯកឧត្តម វី សំណាងមេត្តាជួយពន្លឿនក្នុងការកសាងផ្លូវ១ខ្សែនេះផងទាន ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករបស់ពលរដ្ឋក្នុងឃុំទាំង២ ក៏ដូចជាពលរដ្ឋដែរធ្វើដំណើរឆ្លងកាត់ផ្លូវនេះផងទាន។