អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ
នាព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សម្រាប់ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយករង និងគណៈប្រតិភូសវនកម្មផ្ទៃក្នុង ព្រមទាំង លោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាយការិយាល័យ អធិការ នៃអធិការដ្ឋាននគរបាលក្រុង ស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ច របស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងការរក្សាសណ្តាប់សាធារណៈបានយ៉ាងល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។បន្ថែមពីនេះ ឯកឧត្ដម អគ្គនាយក ក៏បានផ្តល់អនុសាសន៍ណែនាំ និងជំរុញបន្ថែមទៅលើការពង្រឹងការអនុវត្តតួនាទីភារកិច្ច ឱ្យស្របតាមបទដ្ឋានគតិយុត្ត និងច្បាប់បានកំណត់។ ឯកឧត្តម បានលើកឡើងបន្ថែមទៀតថា គោលបំណងសំខាន់នៃការចុះធ្វើសវនកម្មនេះគឺដើម្បីបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាត និងអភិវឌ្ឍសមត្ថភាពរបស់អង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ពោលគឺសំដៅរួមចំណែកក្នុងការពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានផ្តាំផ្ញើ និងផ្តល់អនុរសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃអាណត្តិទី៧ ត្រូវគោរពតាមអភិក្រមទាំង៣ ៣កុំ ៣គួរ និងគប្បី១
៣កុំ៖ កុំឈ្លោះគ្នា,កុំប៉ែងជើងគ្នា,កុំច្រណែនគ្នា
៣គួរ៖ គួរស្រលាញ់គ្នា,គួរជ្រោមជ្រែងគ្នា,គួរសាទរគ្នា
គប្បី១៖គួរឱបដើមឈើក្រសួងមហាផ្ទៃឱ្យបានជោគជ័យ។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានថ្លែងអំណរគុណ ឯកឧត្តម អគ្គនាយករង គណៈប្រតិភូសវនកម្មផ្ទៃក្នុង លោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ស្នងការរង នាយការិយាល័យ អធិការ នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក ព្រមទាំងមន្ត្រីទាំងអស់សូមឱ្យសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង