«ពិធីប្រកាសចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងបំពាក់គ្រឿងឥស្សរិយយស ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌»
នាព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងបំពាក់គ្រឿងឥស្សរិយយស ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដំណើរដោយឯកឧត្តម–លោកជំទាវ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្តមអគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្តមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ និង ប្រតិភូអមដំណើរ ព្រមទាំងមានការចូលរួមពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, មន្ត្រីរាជការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ, កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងមន្ត្រីរាជការ នៃមន្ទីរ–អង្គភាពជុំវិញខេត្ត។
ក្នុងពិធីនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម រស់ សារាំ ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងធ្វើការកោតសរសើរវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តម សុិន វិរៈ ដែលបានដឹកនាំស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំកន្លងមក ក្នុងការចូលរួមចំណែកបម្រើសេវាយុត្តិធម៌ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿងនិងភាពមិនប្រក្រតីតាមតុលាការ។ បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើ ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាពនិងយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់នូវអនាគតិធម៌ទាំង៤ និងសុគតិធម៌ទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ រួមមាន÷ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់) ដើម្បីឲ្យការកែទម្រង់វិស័យយុត្តិធម៌ទទួលបានជោគជ័យ។ ម្យ៉ាងវិញទៀត ត្រូវពង្រឹងនិងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទ ទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌នៅកម្ពុជា។