ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ នូវផ្លូវបេតុងប្រវែង ១,០០០ម៉ែត្រ ក្នុងឃុំភ្នំបាត
ខេត្តកណ្តាល ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវផ្លូវបេតុងអាមេប្រវែង ១,០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិស្រះពោធិ៍ ឃុំភ្នំបាតស្រុកពញាឮ ខេត្តកណ្ដាល។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ពិធីបើកការរដ្ឋានជួសជុលផ្លូវបេតុងអាមេ ស្ថិតនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេង ទៀតរបស់ឃុំភ្នំបាត ស្រុកពញាឮ ក្នុងវិស័យសេដ្ឋកិច្ច–សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្នស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ នីតិកាលទី៧ នៃ រដ្ឋសភា នៅតែចាត់ទុកវិស័យទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាជាអាទិភាព។
ឯកឧត្ដម អភិបាលខេត្ត បន្តទៀតថា នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅ លើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាលក៏ដូចជាអនាគតកាល សម្រាប់ការកសាង ប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅជូន ប្រជាពលរដ្ឋ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ ,មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»។
ឯកឧត្ដម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ផ្លូវបេតុងដែលកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារៈណាស់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំភ្នំបាតផ្ទាល់ ព្រមទាំងមានភាពងាយស្រួលក្នុងការធ្វើដំណើរ ទៅមក និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារមានភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយភាពក្រីក្រ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានស្នើដល់រដ្ឋបាលស្រុក ត្រូវខិតខំផ្តល់សេវានានា និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានល្អ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព ដោយត្រូវអនុវត្តកិច្ចការនេះ ជាប្រចាំធ្វើឱ្យដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅឈានទៅសម្រេចបានលទ្ធផលល្អក្នុងការប្រឡងប្រណាំង អនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ប្រចាំឆ្នាំ៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល