សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យអគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
ក្នុងឱកាសនៃជំនួបនេះ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចដល់រូបលោក និងគណៈប្រតិភូកងកម្លាំងស្វ័យការពារជប៉ុន យ៉ាងកក់ក្តៅជាទីបំផុត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជាពិសេស ចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្តែងការគួរសម។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ក៏បានបង្ហាញនូវឆន្ទៈប្រឹងប្រែងក្នុងការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងកងកម្លាំងស្វ័យការពារជប៉ុន ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ។ នៅក្នុងជំនួបនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការកោតសរសើរចំពោះគំរូវីរភាពរបស់កម្ពុជា ដែលនៅក្នុងឆ្នាំ១៩៩១ គឺជាប្រទេសដែលទទួលកងកម្លាំងរក្សាសន្តិភាពមួកខៀវ របស់អង្គការសហប្រជាជាតិ (អ.ស.ប.) ប៉ុន្តែមកដល់បច្ចុប្បន្ន កម្ពុជាក៏បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនក្រោមឆត្រ អ.ស.ប. ដើម្បីបំពេញបេសកម្មថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ជាពិសេសលើផ្នែកបោសសម្អាតមីន និងជំនួយមនុស្សធម៌ ហើយទាំងនេះ គឺជាមេរៀន និងពិសោធន៍ដ៏ល្អ ដែលអាចរៀនសូត្រពីកម្ពុជាបាន ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ YOSHIDA Yoshihide ព្រមទាំងសហការី និងបានបង្ហាញនូវក្តីរីករាយដែលបានជួបពិភាក្សាការងារសាជាថ្មី ដោយបានរំឭកផងដែរថា កាលពីនៅក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្តេចធិបតីផ្ទាល់ បានជំរុញទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ រហូតឈានទៅដល់ការចុះឯកសារលក្ខខណ្ឌស្តីកិច្ចសហប្រតិបត្តិការ (TOR) ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ឡើង ជាពិសេសជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យមានលក្ខណៈសកម្ម និងរស់រវើក ប្រកបដោយអនាគតវែងឆ្ងាយ ។
មុនបញ្ចប់ សម្តេចធិបតី និងឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបេ្តជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាអាទិ៍ កិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន ការធ្វើលំហាត់រួមគ្នា ក្នុងជួយសង្រ្គោះពេលមានគ្រោះមហន្តរាយ ការបណ្តុះបណ្តាលធនធានមនុស្ស និងកម្មវិធីទស្សនកិច្ចសិក្សារបស់សិក្ខាកាមយោធិនកម្ពុជា នៅប្រទេសជប៉ុន ជាដើម។