ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ជួបសំណេះសំណាលនិងសម្ដែងការគួរសម
ភ្នំពេញ៖ ថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ នាទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ជួបសំណេះសំណាលនិងសម្ដែងការគួរសម។
ពិធីនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម វុន ផារី ទីប្រឹក្សាក្រសួងព័ត៌មាន ឯកឧត្តម ថន ថុល ទីប្រឹក្សាក្រសួងព័ត៌មាន ឯកឧត្តម ស៊ុន សារ៉ន ទីប្រឹក្សាក្រសួងព័ត៌មាន លោក រឿង ថារ័ត្ន អគ្គនាយករង ( AKP )
លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព លោកជុច វី អនុប្រធានសមាគម ទីប្រឹក្សាសមាគម អគ្គលេខាធិការ អគ្គលេខាធិការរងនិងសមាជិកសមាជិកាសមាគមជាច្រើននាក់ផងដែរ។
ជាតិកិច្ចចាប់ផ្ដើម លោក ជុច វី តំណាងខាងសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម សុខចាន់ភក្តី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យក្រុមការងារសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ចូលជួបសំណេះសំណាលនិងសម្ដែងការគួរសម។
លោក ជុច វី តំណាងខាងសមាគមក៏បានរាយការណ៍ ដោយសង្ខេបជូន ឯកឧត្តមរដ្ឋលេខាធិការ អំពីទិសដៅ គោលបំណងនិងបេសកកម្មសំខាន់ៗរបស់សមាគមដែលកំពុងតែអនុវត្តសព្វថ្ងៃ។ក្នុងនោះក៍បានធ្វើការសំណូមពរជូនចំពោះរដ្ឋមន្ត្រីក្រសួងព័ត៌មានតាមរយៈឯកឧត្តម សុខ ចាន់ភក្តី គឺ ចំណុចទី១ សំណូមពរចំពោះនីតិវិធីនៃដំណើរការនៃការបញ្ចុះបញ្ជីអង្គភាពសារព័ត៌មានឬសមាគមព័ត៌មាននៅក្រសួងព័ត៌មាន សូមឲ្យមានភាពឆាប់រហ័ស។ចំណុចទី២ សុំសំណូមពរឱ្យក្រសួងព័ត៌មានក្នុងនាមជាអាណាព្យាបាល ជួយសម្របសម្រួលនីតិវិធីផ្លូវច្បាប់ ជាពិសេសការផ្ដល់មេធាវីដើម្បីជួយការពារដល់បងប្អូនអ្នកសារព័ត៌មានស្របច្បាប់ដែលរងការធ្វើទុកបុកម្នេញចោទប្រកាន់ពីសំណាក់បុគ្គលខិលខូចមួយចំនួន ឱ្យបានឆាប់រហ័សនឹងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ចំណុចទី៣ សំណូមពរឱ្យ ឯកឧត្តម សុខ ចាន់ភក្តី បន្តដឹកនាំកិច្ចការសម្របសម្រួលរវាងក្រសួងព័ត៌មានជាមួយនឹងសមាគមសារព័ត៌មានជាបន្តទៀត ឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើង ពីព្រោះកន្លងមកឯកឧត្តមទើបទទួលភារកិច្ចថ្មីនេះពិតមែន ប៉ុន្តែឯកឧត្តម បានធ្វើការងារជាច្រើនដែលជាតម្រូវការចាំបាច់របស់បងប្អូនអ្នកសារព័ត៌មានជាម្ចាស់អង្គភាពក៏ដូចជាប្រធានសមាគមសារព័ត៌មានទាំងអស់ដែលពួកគាត់ចង់បាន
ដូចជាការរៀបចំកម្មវិធីជួបសំណេះសំណាលក៏ដូចជារាយការណ៍អំពីការងារផ្សេងៗរវាងសមាគមព័ត៌មានជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានរយៈពេលបីខែម្ដង ។ល។
ជាកិច្ចឆ្លើយតបឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលយកនូវសំណូមពរ ទាំងបីចំណុចដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះកិច្ចចូលរួមសហការរបស់សមាគមលើការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពជា និងបានជម្រាបជូន ពីវឌ្ឍនភាពរីកម្រើនទាំងកិច្ចការងារដឹកនាំ និងធនធានមន្ត្រីក្នុងក្រសួងក្នុងរយះពេល១០០ថ្ងៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព របស់ ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងអាណត្តិទី៧នេះ ដែលសមិទ្ធផលធំៗពាក់ព័ន្ធខាងវិស័យអ្នកសារព័ត៌មានរួមមាន ៖
១.ពង្រឹកគុណភាពដឹកនាំក្រសួង
-អោយមានការបើកទ្វាបើក បេះដូង រួមអនុវត្តការងារ និងទទួលបន្ទុកតាមភារកិច្ចដែលប្រគល់ជូន រាប់ពីថ្នាក់ដឹកនាំ អគ្គនាយកទាំង៥ និងមន្ត្រីទូទាំងក្រសួង។
-បែងចែកភារកិច្ចទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ ដើម្បីដំណើរទៅរបស់ក្រសួងស្រមតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
-បន្តពង្រឹងលើគុណភាពនៃធនធានមន្ត្រី ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ។
-បើកច្រកចេញចូលតែមួយ ដើម្បីសម្រួលដល់កិច្ចអនុវត្តន៍ការងារ ទាំងមន្ត្រីក្នុងក្រសួង និងសេវាខាងក្រៅ។
២.ពង្រឹកលើគុណភាពវិជ្ជាជីវៈ អ្នកសារព័ត៌មាននៅកម្ពុជា ៖
-រៀបចំឡើងវិញនូវមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដោយពង្រីកអោយទៅជាវិទ្យាស្ថានជាតិ
-ផ្តល់កិច្ចសម្របសម្រួលសមាគមអ្នកសារព័ត៌មាន អោយចូលរួមលើកិច្ចពង្រឹងការបណ្តុះបណ្តាលវិជ្ជាជិវៈអ្នកសារព័ត៌មាន។
-គ្រប់គ្រងការធ្វើបច្ចុប្បន្នភាព និងចុះបញ្ជីផ្លូវការអ្នកសារព័មាន អោយទទួលភាពស្របច្បាប់ និងកិច្ចគាពារទាំងផ្នែកច្បាប់ និងសុខភាពដល់អ្នកសារព័ត៌មាន។