សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារធនាគារវីងថៅវើ (Wing Bank Tower)
នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារធនាគារវីងថៅវើ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិស័យធនាគារពិតជាមានសារៈសំខាន់ណាស់ សម្រាប់គាំទ្រដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
សម្តេចធិបតីបានអបអរសាទរចំពោះការរីកចម្រើនរបស់ធនាគារវីង ហើយការរីកចម្រើននេះ បានចូលរួមសម្រួលប្រតិបត្តិការជាច្រើនផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ។ វត្តមានធនាគារវីង បានជួយគាំទ្រដល់ដំណើរការរាជរដ្ឋាភិបាលអេឡិចត្រូនិករបស់កម្ពុជា លើការផ្តល់សេវានានារបស់រាជរដ្ឋាភិបាល។
សម្តេចធិបតីបានលើកទឹកចិត្តដល់ធនាគារទាំងអស់អោយពិនិត្យលទ្ធភាពផ្តល់សេវាកម្មឱ្យកាន់តែទូលំទូលាយជាងមុន។សម្តេចក៏បានលើកទឹកចិត្តអោយធនាគារវីង និងធនាគារដទៃទៀត ផ្តល់ឥណទានឱ្យបានកាន់តែច្រើនដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា ជាពិសេស កាលផ្តល់ឥណទានគាំទ្រលើវិស័យកសិកម្ម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តទៀតថា និន្នាការរបស់ពិភពលោកនាពេលបច្ចុប្បន្នមិនមានកាន់លុយតាមខ្លួនទៀតនោះទេ។ បច្ចុប្បន្នធនាគារជាតិកម្ពុជា ក៏បានធ្វើទំនើបកម្មប្រព័ន្ធធនាគារច្រើនណាស់ ក្នុងនោះមានការទូទាត់ផ្សេងៗដោយប្រើ QR Code ដែលធ្វើឱ្យការទូទាត់សេវាផ្សេងៗកាន់តែមានភាពងាយស្រួល។
សម្តេចធិបតីបានមានប្រសាសន៍ទៀតថា ប្រព័ន្ធឌីជីថលងាយស្រួល តែការរក្សាបាននូវប្រព័ន្ធសុវត្ថិភាព តែក៏ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ផងដែរ។សម្តេចក៏បានក្រើនរំលឹកដល់ប្រព័ន្ធធនាគារទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធសុវត្ថិភាព។
សម្តេចធិបតី បានថ្លែងបង្ហាញអារម្មណ៍រីករាយ ចំពោះការរីកចម្រើនរបស់ធនាគារវីង និងធនាគារដទៃទៀតនៅកម្ពុជា។ សម្តេចថ្លែងថា នៅពេលកម្ពុជាទទួលបានអ្នកវិនិយោគ និងមានកំណើនពាណិជ្ជកម្ម ធនាគារនៅក្នុងស្រុកទាំងអស់នឹងពង្រឹងសមត្ថភាពចាប់យកឱកាសពីការវិនិយោគនានា។
ជាមួយនឹងការប្រកាសដាក់ឲ្យដំណើរការនូវអគារធនាគារវីងថៅវ័រ (Wing Bank Tower)នាថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជូនពរឱ្យធនាគារវីង ទទួលបាននូវភាពជោគជ័យ ជាបន្តបន្ទាប់ទៀត៕