ឯកឧត្ដម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង
នាព្រឹកថ្ងៃសុក្រ ៧ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម សុខលូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង នៅឯសាលប្រជុំ B2 សាលាខេត្តបាត់ដំបង ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានលើកឡើងអំពីការបើកអាជីវកម្មល្បែងតាមប្រព័ន្ធអនឡាញ នៅតាមបណ្ដាក្រុង ស្រុក ដែលគ្មានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវ ដោយក្នុងនោះឯកឧត្តមបានដាក់បញ្ជាឱ្យរដ្ឋបាលក្រុងស្រុក អធិការក្រុងស្រុក ត្រូវធ្វើការបង្រ្កាបជាបន្ទាន់នូវរាល់អាជីវកម្មដែលបង្កប់នូវល្បែងស៊ីសងខុសច្បាប់ដោយមិនមានអាជ្ញាបណ្ណ ឬច្បាប់អនុញ្ញាត ឱ្យបានទាន់ពេលវេលា ព្រោះបញ្ហាល្បែងនេះ ក៏ជាមេរោគក្នុងសង្គមមួយដែលត្រូវធ្វើការព្យាបាល ដែលល្បែងនាំឱ្យបង្កជារឿងអសន្ដិសុខជាច្រើនដូចជាការលួចឆក់ប្លន់ អំពើហឹង្សាជាដើម ។
ឯកឧត្តមបានបន្តទៀតថា មិនត្រឹមតែការងារបង្រ្កាបល្បែងស៊ីសងតែមួយមុខទេ ក្នុងនោះក៏នៅតែមិនភ្លេចក្នុងការបន្តចុះបង្រ្កាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលកើតមាននៅក្នុងសង្គម ត្រូវធ្វើការដោះស្រាយ គ្រឿងញៀនអាចប្រែក្លាយសង្គមអសន្ដិសុខ បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ។ ឯកឧត្តមបានបន្តទៀតថា ក្នុងនោះដែរ ក៏ត្រូវតែបន្តកិច្ចការងាររបស់ខ្លួនបន្ថែមទៀត ពាក់ព័ន្ធទៅនឹងសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្រ្ដរបស់ខ្លួនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីធានានូវរាល់សុខសុវត្ថិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្ដរបស់ខ្លួនផងដែរ ។