ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា មកទល់បច្ចុប្បន្ននេះព្រះពុទ្ធសាសនានៅតែជាសាសនាមួយ ដែលទ្រទ្រង់ប្រព័ន្ធអប់រំនៅកម្ពុជា

ភ្នំពេញ : ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤–

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះ ព្រះពុទ្ធសាសនា នៅតែជាសាសនាមួយដែលទ្រទ្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ដោយប្រព័ន្ធអប់រំ តាមបែបព្រះពុទ្ធសាសនា តាមរយៈសាលារៀនវត្តអារាមមានកម្មវិធីសិក្សាគ្រប់កម្រិត បានផ្តល់ឱកាសដល់គ្រួសារនៅតាមទីជនបទ ដែលខ្វះខាតលទ្ធភាពបញ្ជូន កូនទៅរៀន សាលារដ្ឋ អាចឱ្យកូនសិក្សានៅវត្ត ដើម្បីទទួលបានឱកាសសិក្សារៀនសូត្រ ពង្រីកចំណេះដឹង ពង្រឹងសមត្ថភាពទាំងខាងផ្នែកពុទ្ធិចក្រ និងអាណាចក្រឈានទៅចាប់យកអនាគតដ៏ភ្លឺស្វាង។

ការបញ្ជាក់បែបនេះរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ខណៈ ដែលអញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បណ្ណាល័យ មរតក ម៉ែន សាអ៊ុន ហង់ជួន ក្រពើហា ស្ថិត នៅក្នុងពុទ្ធិកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ក្រពើហា ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

D_6.jpg

D_7.jpg

ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា បណ្ណាល័យថ្មីនេះនឹងចូលរួមចំណែកបង្កលក្ខណៈ កាន់តែអំណោយផលដល់សមណសិស្ស ក៏ដូចជាសិស្សានុសិស្សក្នុងការស្រាវជ្រាវ សិក្សា រៀនសូត្របង្កើនចំណេះដឹងទាំងខាងផ្នែកពុទ្ធចក្រ និងអាណាចក្រផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងពីសារៈ សំខាន់របស់ព្រះពុទ្ធសាសនា ក្នុងវិស័យអប់រំ ដែលមិនត្រឹមតែជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ តែក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្ដាលធនធានមនុស្ស ឱ្យទទួលបានទាំង វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងសីលធម៌ ដើម្បីឱ្យប្រជាជនកម្ពុជា រស់នៅក្នុង សុខសន្តិភាព។

ជាមួយនេះដែរ ឯកឧត្តមក៏បានរំលឹកពីដើមកំណើតនៃព្រះពុទ្ធសាសនានៅកម្ពុជា ដែលមានតាំងពីសម័យបូរាណរៀងមក ពិសេសគឺជំនាន់អង្គរ ដែលអរិយធម៌ខ្មែរឈាន ដល់ ចំណុចកំពូល គឺក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាក្សត្រទី១ ដែលគោរព ព្រះពុទ្ធសាសនា និងបានឧទ្ទិសប្រាសាទអង្គរថ្វាយចំពោះព្រះពុទ្ធសាសនាមហាយាន ហើយទីតាំងប្រាសាទមួយចំនួន បានក្លាយជាសាកលវិទ្យាល័យសម្រាប់ការ បណ្តុះបណ្ដាល អ្នកប្រាជ្ញថែមទៀតផង។ ក្នុងសម័យនេះហើយ ដែលកម្ពុជាចាប់ផ្តើមប្រើប្រាស់ភាសាបា លីជាភាសាយាន ជាហេតុធ្វើឱ្យភាសាខ្មែរមានលក្ខណៈពិសេស ដោយប្រើរួមបញ្ចូល គ្នារវាង ភាសាខ្មែរចាស់ ភាសាសំស្ក្រឹត និងភាសាបាលី ដូចដែលបានឃើញចារលើ សិលាចារឹក នៅប្រាង្គប្រាសាទជាតឹកតាងស្រាប់។

D_8.jpg

D_9.jpg

សូមជម្រាបជូនផងដែរ ចំពោះបណ្ណាល័យមរតក ម៉ែន សាអ៊ុន ហង់ជួន ក្រពើហា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានថ្លែងថា ត្រូវបានកសាងឡើងដើម្បីរំលឹកដល់អ្នកមានគុណទាំងពីរ របស់ឯកឧត្តម និងក្នុងគោលដៅរួមចំណែកលើកកម្ពស់វិស័យអប់រំដោយផ្សារភ្ជាប់នឹង ព្រះពុទ្ធសាសនា ក៏ដូចជាផ្តល់ឱកាសដល់សមណសិស្ស និងសិស្សានុសិស្សទូទៅអាចចូល អានសៀវភៅ ក្រេបជញ្ជក់ចំណេះដឹង ធ្វើស្វ័យសិក្សាដើម្បីប្រែក្លាយជាពលរដ្ឋកម្ពុជាប្រកប ដោយសក្តានុពលក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ៕(ប្រភព៖ ក្រសួងអប់រំ)