រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ ក្នុងថ្ងៃបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ
(ភ្នំពេញ)៖ ដើម្បីត្រៀមអបអរសាទរជាប្រវត្តសាស្ត្រ ក្នុងថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ សំរាប់រាជធានីភ្នំពេញ នឹងមានព្រឹត្តិការណ៍ដ៏ធំមួយនៅកោះពេជ្រ ដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំការប្រគុំតន្ត្រី ដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រូចយ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋាននេះ។
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយបានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខ សណ្តាប់ ក្នុងពិធីខាងលើនេះឲ្យបានល្អ ដោយរៀបចំអោយមានជាទីបញ្ជាការស្រាល តូច ធំ ជាមួយការរៀបចំអនាម័យ បរិស្ថាន និងការពង្រាយបង្គន់អនាម័យអោយបានច្រើនកន្លែង បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលចូលរួម។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញផងដែរ។
លោក ឃួង ស្រេង បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះ នៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ ដោយមានការ ទូងស្គ គោះប៉ោត ឲ្យមានភាពគគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែកព្រះវិហារសាសនានានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ គោះប៉ោតបែបនេះផងដែរ។
លោក ឃួង ស្រេង បានបន្តទៀតថា សម្រាប់ពេលរាត្រីថ្ងៃទី០៥ សីហា យើងក៏បានត្រៀមរៀបចំជាព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការរៀបចំការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ ជាមួយនឹងការបាញ់ កាំជ្រូចចំនួន២លើក នៅម៉ោង ៧៖២០នាទី១លើក និងនៅម៉ោង ៩៖៩នាទីមួយលើកទៀត ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាន នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ៕