ពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល
ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការក្រោមឱវាទ ក្រសួង ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តប្រចាំព្រះរាជាណាចក្រកម្ពុជាលោកជំទាវ តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាង Energy Lab តំណាង SMMR/GIZ តំណាងក្រសួង–ស្ថាប័នពាក់ព័ន្ធ តំណាងសហព័ន្ធសមាគមយានយន្តនៅកម្ពុជា វិស័យឯកជន និងក្រុមហ៊ុនយានយន្តអគ្គិសនីចំនួន១២ផងដែរ។
ពិធីនេះ រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ UNDP, Energy Lab និង SMMR/GIZ ដើម្បីបើកឡើងទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់កម្ពុជា ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យាឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានា នៃយានយន្តអគ្គិសនីសំដៅលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។
ថ្លែងក្នុងរបាយការណ៍គោរពជូនឯកឧត្តមទេសរដ្ឋមន្ត្រី និងអង្គពិធីនាឱកាសនោះ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា៖ ចំនួនយានយន្តអគ្គិសនីដែលបានចុះបញ្ជីមានចំនួនតែ០២គ្រឿងប៉ុណ្ណោះក្នុងឆ្នាំ២០២០ និងចំនួន៦២គ្រឿងនៅឆ្នាំ ២០២១ ហើយនៅក្នុងរយៈពេលតែ៣ខែប៉ុណ្ណោះពោលគឺ៖ ពីខែមករាដល់ខែមីនាឆ្នាំ២០២២នេះ ការចុះ បញ្ជីយានយន្តអគ្គិសនីមានរហូតដល់៤៧គ្រឿង បើធៀបនឹងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នា (ចំនួន០៧ គ្រឿងប៉ុណ្ណោះ) មានការកើនឡើង៦៧១% ដែលនេះគឺជាកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីមួយគួរឱ្យកត់សម្គាល់។
ថ្លែងក្នុងមតិសំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូន ដឹកនាំការងាររៀបចំ និងអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធានការចាំបាច់នានាដើម្បីឈានទៅ សម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្ត(ម៉ូតូ) អគ្គិសនីក្នុងអត្រា៧០% នៅឆ្នាំ២០៥០ ស្របតាមការកំណត់ទិសដៅជាក់លាក់ដែលមានចែងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពនៃការរួមចំណែករបស់ជាតិ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងសំដៅ សម្រេចបានអត្រាកាបូនសូន្យនៅឆ្នាំ២០៥០នៅកម្ពុជា (Long-term Strategy for Carbon Neutrality 2050) និង និន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីរបស់ពិភពលោក តំបន់ ក៏ដូចជាកម្ពុជាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ដើម្បីសម្រេចបានគោលដៅនេះ ទាមទារឱ្យមានការចូលរួមពី ក្រសួង–សា្ថប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំ និងអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធានការនានាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជំរុញការគាំទ្រ និងការលើកទឹកចិត្តដល់ការអភិវឌ្ឍ និងការប្រើប្រាស់យានយន្តអគ្គិសនី ដោយផ្តោតទៅលើយុទ្ធសាស្ត្រទាក់ទាញឱ្យមានកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី កំណើននៃការបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនី និងការគ្រប់គ្រង ការកែច្នៃ និងការបោះបង់សំណល់អាគុយប្រកបដោយសុវត្ថិភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា៖ ក្រសួងបានទទួលជំនួយពីអង្គការ UNDP នូវឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន០៤គ្រឿង ហើយក្រុមហ៊ុនឯកជនដែលជាដៃគូ បានសន្យាគាំទ្រលើការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាដោយជំហានដំបូងសន្យាផ្តល់ឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០គ្រឿង។ ក្រៅពីនេះ ក្រសួងក៏បានជួបពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួន ដែលមានចំណាប់អារម្មណ៍លើការវិនិយោគស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីផងដែរ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងជំនឿយ៉ាងមុតមាំថា៖ ការតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនីនេះ នឹងជួយជំរុញឱ្យមានការចូលរួមអភិវឌ្ឍ និងលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាពិភពលោក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីវិស័យយានយន្ត ដែលជាផ្នែកមួយនៃការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ (GHG)បណ្តាលឱ្យមានការឡើងកំដៅផែនដី បម្រែបម្រួលអាកាសធាតុ ការធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថាន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ UNDP, EnergyLab និងអង្គការ SMMR/GIZ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ដែលបានជួយគាំទ្រនូវសកម្មភាពលើការអភិវឌ្ឍ និងលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា តាមរយៈការជួបពិភាក្សា និងការរៀបចំសិក្ខាសាលាជាបន្តបន្ទាប់កន្លងមក និងបានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់សហការគ្នាឱ្យកាន់តែប្រសើរថែមទៀតដើម្បីអភិវឌ្ឍ និងលើកកម្ពស់វិស័យយានយន្តអគ្គីសនីនៅកម្ពុជា ។
សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូ អភិវឌ្ឍន៍នានា បាននិងកំពុងធ្វើការងារមួយចំនួនពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ និងការលើកកម្ពស់ការប្រើ ប្រាស់យានយន្តអគ្គិសនីដូចជាការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីអភិវឌ្ឍន៍វិស័យដឹក ជញ្ជូនផ្លូវគោកដែលមានបញ្ចូលនូវចំណុចស្តីពីការលើកទឹកចិត្តដល់ការប្រើប្រាស់យានយន្តអគ្គិសនី ការលើកទឹកចិត្តឱ្យមានការបង្គុំដំឡើង និងការផលិតយានយន្តអគ្គិសនីនៅកម្ពុជា ការចងក្រងឯកសារគតិយុត្តដើម្បីគាំទ្រដល់ការអភិវឌ្ឍយានយន្តអគ្គិសនី ការកំណត់យកបទដ្ឋានបច្ចេកទេស និងការរៀបចំ ផែនទីបង្ហាញផ្លូវក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាដើម។
ដើម្បីអនុវត្តការងារនេះកាន់តែមានប្រសិទ្ធភាព វឌ្ឍនភាព និងអនុលោមតាមបទដ្ឋានអន្តរជាតិ និងផ្សព្វ ផ្សាយឱ្យបានទូលំទូលាយក្រសួងកំពុងស្វែករកជំនួយជាថវិកា និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ និងពីវិស័យឯកជន ជាពិសេសស្វែងរកការគាំទ្រ និងចូលរួមសហការពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីរួមគ្នាអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា រួមទាំងពិធីពិព័រណ៍យានយន្តអគ្គិសនីនាថ្ងៃនេះផងដែរ។
គួរកត់សម្គាល់ថា៖ ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត(CO2) ចេញពីយានយន្តគឺជាកត្តាដ៏ចំបងមួយនៃការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់(GHG) ដែលនាំឱ្យផែនដីឡើងកម្តៅ មានការប្រែប្រួលអាកាសធាតុ ការ ធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថានពិភពលោកទាំងមូល។ ឆ្លើយតបទៅនឹងបញ្ហាខាងលើ ប្រទេសនានានៅក្នុងពិភពលោក និងតំបន់ បានផ្តោតការយកចិត្តទុកដាក់ទៅលើការប្រើប្រាស់យានយន្ត អគ្គិសនី ដែលមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ៕